ព័ត៌មានជាតិ

សហជីពនៅកម្ពុជា ថ្កោលទោស​ យ៉ាងដាច់អហង្ការ ចំពោះអំពើចាប់រំលោភបូក លើពលករស្ត្រីកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃ

ភ្នំពេញ ៖ សហជីពនៅកម្ពុជា តំណាងឱ្យកម្មករ និយោជិតរាប់ម៉ឺននាក់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើយ៉ាងសាហាវព្រៃផ្សៃយង់ឃ្នងតិរច្ឆាន គ្មានមនុស្សធម៌របស់យោធាឈុតខ្មៅថៃ ដែលបានចាប់រំលោភបូកលើពលករ ជានារីខ្មែរម្នាក់ និងធ្វើទារុណកម្មដល់ពលករផ្សេងទៀត ដែលវិលត្រឡប់មកមាតុប្រទេសវិញពេលជិតដល់ព្រំដែនកាលពីថ្ងៃទី១៥ វិច្ឆិកា ២០២៥។

លោក សំ សឿន ប្រធានសហភាព ពលកម្មជាតិកម្ពុជា បានលើកឡើងថា អំពើហិង្សា និងការរំលោភបំពានផ្លូវភេទ យ៉ាងសាហាវព្រៃផ្សៃយង់ឃ្នង របស់យោធាឈុតខ្មៅថៃ មកលើ ពលការិនីចំណាកស្រុកកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិជាតិនៃពលករ ចំណាកស្រុក ដែលត្រូវបានការពារយ៉ាងខ្ជាប់ខ្ជួនដោយច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា លិខិតតុបករណ៍អាស៊ាន ច្បាប់អន្តរជាតិ និងអនុសញ្ញា CEDAW។

លោកថ្លែងថា៖«ខ្ញុំសូមថ្កោលទោស យ៉ាងដាច់អហង្ការចំពោះទាហានឈុតខ្មៅថៃ៧នាក់ ដែលបានរំលោភសេពសន្ថវៈលើរាងកាយ និងវាយដំប្រជាពលរដ្ឋខ្មែរ ដែលធ្វើការនៅប្រទេសថៃ មានបំណងត្រឡប់ប្រទេសកំណើតវិញ។ ទង្វើរបស់យោធាថៃនេះ បានបង្ហាញពីអត្ថចរិតដ៏សាហាវឃោរឃៅព្រៃផ្សៃ របស់ក្រុមយោធាថៃដែលតែងប្រព្រឹត្តមកលើពលរដ្ឋកម្ពុជា»។

ស្រដៀងគ្នានេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សា សិទ្ធិកម្មករកម្ពុជា លើកឡើងថា ករណីរំលោភ បំពានដ៏ឃោរឃៅមិនអាច ទទួលយកបាននេះ មិនត្រឹមតែជាអំពើអមនុស្សធម៌ទៅលើជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំពានលើគោលការណ៍មនុស្សធម៌ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេ យ៍ (ASEAN) ដែលមានបំណងលើកកម្ពស់ និងធានាសិទ្ធិមនុស្សនៅក្នុងតំបន់ ។ លោកបានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវប្បធម៌និទណ្ឌភាព និងការមិនគោរពសិទ្ធិនារីពាក់ព័ន្ធនឹងកងកម្លាំងយោធាឈុតខ្មៅរបស់ថៃ ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់សុវត្ថិភាព និងសិទ្ធិរបស់ពលការិនីកម្ពុជា ព្រមទាំងក្រុមអ្នកចំណាកស្រុកដទៃទៀត។

លោកថ្លែងថា៖«ខ្ញុំសូមថ្កោលទោស ចំពោះទង្វើព្រៃផ្សៃអមនុស្សធម៌ របស់យោធាឈុតខ្មៅថៃ ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ ស្ត្រីជាពលការិនីចំណាកស្រុកកម្ពុជា។ ទង្វើនេះ យើងមិនអាចទទួលយកបាន ព្រោះជាទង្វើព្រៃផ្សៃ អាក្រក់ក្រៃលែង ដែលជាតិសាសន៍យើងមិនដែលមានសមត្ថកិច្ចណាធ្វើបែបនេះនោះទេលើជាតិសាសន៍ដទៃ»។

ទន្ទឹមនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ និងជាប្រធានសហភាពចលនាកម្មករកម្ពុជា បានបង្ហាញក្តីរន្ធត់ចិត្ត ចំពោះទង្វើអមនុស្សធម៌ដែលប្រព្រឹត្តដោយទាហានឈុតខ្មៅថៃ ដែលបានរំលោភស្ត្រីជាពលករខ្មែរ និងប្រើប្រាស់អំពើហិង្សាលើពលរដ្ឋកម្ពុជា។

លោកថ្លែងថា៖«នេះជាទង្វើឧក្រិដ្ឋដែលមិនអាចអត់អោនឱ្យបាន ហើយខ្ញុំគិតថាទង្វើនេះអាចកើតមានឡើងតែចំពោះទាហានថៃទេ ដែលជាប្រភេទពួកមនុស្សគ្មានបេះដូងជាមនុស្ស ក្នុងការធ្វើទង្វើដែលយើងស្ទើរតែមិនដែលលឺទាល់តែសោះចំពោះទាហានបណ្តាប្រទេសផ្សេងៗ»។

ជាមួយគ្នានេះ សហជីពនៅកម្ពុជា បានអំពាវនាវដល់សហគមន៍អន្តរជាតិទាំងអស់ចាត់វិធានការច្បាស់លាស់ និងបន្ទាន់ ដើម្បីធានាការបញ្ឈប់អំពើហិង្សា និងការរំលោភសិទ្ធិស្ត្រីទាំងអស់ជាបន្ទាន់ និងធានាឱ្យមានយុត្តិធម៌ ពេញលេញសម្រាប់ជនរងគ្រោះ។ សូមសហគមន៍អន្តរជាតិ មេត្តាចេញសេចក្ដី ថ្លែងការណ៍ថ្កោលទោស យ៉ាងម៉ឹងម៉ាត់លើកងទ័ពឈុតខ្មៅថៃ ចំពោះអំពើជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនេះ៕

To Top