ព័ត៌មានជាតិ

ផ្លូវជនបទក្រាលកៅស៊ូ ពីរជាន់និងបេតុង ចំនួន២ខ្សែ ត្រូវបានបើកការដ្ឋានសាងសង់ ដើម្បីបម្រើ ដល់សេចក្តីត្រូវការប្រចាំថ្ងៃ ជាពិសេសការធ្វើដំណើរចូល ក្នុងតំបន់ អេកូទេសចរណ៍ជីផាត នៅស្រុកថ្មបាំង ខេត្តកោះកុង

ខេត្តកោះកុង ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួង អភិវឌ្ឍន៍ជនបទ និង លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូពីរជាន់ និងបេតុង ចំនួន ០២ខ្សែ ប្រវែងសរុប ៣២,១០គ.ម ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង ក្នុងក្របខ័ណ្ឌគម្រោង និរន្តរភាពតំបន់ទេសភាព និង ទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ពិធីដ៏ឱឡារិកនេះ ត្រូវបានរៀបចំឡើង នៅភូមិទឹកល្អក់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដោយមានវត្តមានអញ្ជើញចូលរួមរបស់ លោក លោកស្រី ថ្នាក់ដឹកនាំតំណាង ក្រសួង -ស្ថាប័នថ្នាក់ជាតិ, លោក ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង, លោកស្រី ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង, តំណាងធនាគារពិភពលោក, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស, ប្រជាពលរដ្ឋ សរុបប្រមាណ ៨០០នាក់។

ជាកិច្ចចាប់ផ្ដើម លោកស្រី ឈី វ៉ា បានធ្វើរបាយការណ៍ស្វាគមន៍ ដោយជម្រាបជូនអំពីស្ថានភាពភូមិសាស្ដ្រ សង្គមកិច្ច សេដ្ឋកិច្ច សក្ដានុពលទេសចរណ៍ ជាពិសេសការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ដនិងគមនាគមន៍ និងកម្រិតជីវភាពរបស់ប្រជាជននៅទូទាំងខេត្តកោះកុង។ បន្ទាប់មក លោក សួស គង់ រដ្ឋលេខាធិការ និងជានាយកគម្រោង CSLEP បានធ្វើរបាយការណ៍បញ្ជាក់ថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា អនុវត្តដោយក្រសួងចំនួន ០២ គឺក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងបរិស្ថាន មានរយៈពេលអនុវត្ត ៨ឆ្នាំ (ឆ្នាំ២០១៩ -២០២៧) ក្រោមហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា, មូលនិធិបរិស្ថានសកល និងធនាគារពិភពលោក។

ក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តលើការងារសាងសង់ផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ និងបេតុង ដើម្បីតភ្ជាប់គោលដៅទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិ និងការសាងសង់ប្រព័ន្ធទឹកស្អាត និងបង្គន់អនាម័យ ដល់សហគមន៍អេកូទេសចរណ៍។

ក្នុងឱកាសនោះផងដែរ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើសុន្ទរកថាស្វាគមន៍ ដោយបានថ្លែងអំណរគុណចំពោះ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងទេសចរណ៍ ក្នុងបុព្វហេតុគាំទ្រនិងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ជាក់ស្ដែងពិធីបើកការដ្ឋាន សាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ តភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិ តាមរយៈគម្រោង និរន្តរភាពតំបន់ ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នាឱកាសនេះ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានថ្លែងបញ្ជាក់ថា ការសាងសង់ផ្លូវទាំងពីរខ្សែនេះ គឺប្រៀបបាននឹងការបង្កើតនូវសរសៃឈាម សេដ្ឋកិច្ច និងជាផ្លូវដង្ហើមមួយទៀតនៅក្នុងវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកជា “មាសបៃតង” របស់កម្ពុជា។

បន្ទាប់ពីបានស្ដាប់សុន្ទរកថាស្វាគមន៍ និងរបាយការណ៍រួចមក លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពទាំងអស់របស់ខេត្ត ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន និងទទួលបាននូវសមិទ្ធផលនានា លើគ្រប់វិស័យទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលធ្វើឱ្យខេត្តកោះកុង កាន់តែមានសម្រស់ស្រស់បំព្រង ។ លោករដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានសម្ដែងសេចក្ដីសោមនស្សរីករាយ និងអបអរសារទរ ចំពោះបងប្អូនប្រជាជន ក្នុងមូលដ្ឋានចំពោះសមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីបម្រើដល់សេចក្តីត្រូវការប្រចាំថ្ងៃ ជាពិសេសជួយសម្រួល ដល់ការធ្វើដំណើរចូលក្នុងតំបន់អេកូទេសចរណ៍ជីផាត។

ថ្លែងក្នុងពិធីនោះ លោករដ្ឋមន្រ្ដី បានជម្រាបជូនអំពីយុទ្ធសាស្ដ្របញ្ចកោណ និង ចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្ដជម្រាបជូនអំពីគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ដោយក្នុងនោះ ក្រសួងកំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ ដូចពាក្យស្លោក “មានផ្លូវគឺមានក្តីសង្ឃឹម”។ ជាក់ស្ដែងពិធីបើកការដ្ឋានសាងសង់ផ្លូវទាំងពីរខ្សែ ប្រវែងសរុប ៣២,១០គ.ម នេះ មានតម្លៃប្រមាណជាង ៥ លានដុល្លាអាមេរិក នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ១ ៣៩៣គ្រួសារ ស្មើនឹង ៦ ១៤៥នាក់ រស់នៅក្នុងឃុំចំនួន៤គឺ ឃុំកណ្តោល ឃុំជីផាត ឃុំឬស្សីជ្រុំ និងឃុំជំនាប់ នៃស្រុកថ្មបាំង ខេត្តកោះកុង ។

លោករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាន និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវឯកភាពជាតិ និងសន្ដិភាពពេញលេញទូទាំងប្រទេស និងក្រោមការដឹកនាំបន្តវេន ប្រកបដោយថាមវន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន បាននិងកំពុងកសាងសមិទ្ធផលថ្មីបន្ថែមទៀត ជូនប្រទេសជាតិនិងប្រជាជន ដើម្បីសម្រេចឱ្យបានជោគជ័យ នូវចក្ខុវិស័យ“កម្ពុជាជាប្រទេស មានប្រាក់ចំណូលខ្ពស់ឆ្នាំ ២០៥០” ៕

To Top