ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ជួបសួរសុខទុក្ខពលការិនីខ្មែរ ដែលត្រូវក្រុមទាហានឈុតខ្មៅថៃ ចាប់រំលោភយ៉ាងព្រៃផ្សៃ

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង លោក សេង សក្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការចូលរួម ពីតំណាងសមាគមទីភ្នាក់ងារ ជ្រើសរើសពលករកម្ពុជា (ACRA), មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ (MRC) របស់គម្រោង ILO-PROTECT និងតំណាងក្រុមការងារ យុវជន ESEA អញ្ជើញជួបសួរសុខទុក្ខពលការិនីខ្មែរម្នាក់ ដែលត្រូវបានក្រុមទាហានឈុតខ្មៅថៃ ចាប់រំលោភបូក យ៉ាងសាហាវព្រៃផ្សៃយង់ឃ្នង គ្មានមនុស្សធម៌ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈពេលដែលពលការិនីរងគ្រោះ និងពលរដ្ឋកម្ពុជា ១២នាក់ផ្សេងទៀតធ្វើដំណើរឆ្លងដែន ពីប្រទេសថៃចូលមកទឹកដីកម្ពុជា។

លោក​ សេង សក្តា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោករដ្ឋមន្ត្រី ដោយបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ពលការិនីខ្មែរ បន្ទាប់ពីមានការរំលោភបំពានសិទ្ធិមនុស្ស សិទ្ធិស្រ្តី និងសិទ្ធិពលករទេសន្តរប្រវេសន៍យ៉ាងធ្ងន់ធ្ងរ។

លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់ជូនថា លោករដ្ឋមន្រ្តី បានសម្តែងនូវការសោកស្តាយ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដែលក្រុមទាហានឈុតខ្មៅថៃ បានធ្វើមកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន ១៣នាក់ ដោយបានប្រើអំពើហិង្សាយ៉ាងសាហាវ យង់ឃ្នងនិងអំពើថោកទាបរំលោភសេពសន្ថវៈ (រំលោភបូក) ដោយក្រុមទាហានឈុតខ្មៅថៃ ទៅលើពលករខ្មែរជាស្រ្តី ១រូប។

ក្រសួងនឹងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការតាមដានការវិវត្តលើករណីនេះ និងករណីពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាការការពារ និងលើកកម្ពស់សិទ្ធិ និងសេចក្ដីថ្លៃថ្នូរ របស់ពលករទេសន្តរប្រវេសន៍ខ្មែរ ដោយអនុលោមតាមលិខិតបទដ្ឋានអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងបានណែនាំ និងក្រើនរំលឹកសារជាថ្មី ដល់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនិងស្នាក់នៅប្រទេសថៃ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងការប្រឈមនឹងការរងនូវអំពើហិង្សា និងការរើសអើងនានា និងសូមជ្រើសរើសការទាក់ទង មកស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា និងអង្គការអន្តរជាតិជាដៃគូ របស់កម្ពុជាក្នុងការធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព ៕

To Top