Covid-19

ចិន​ ងាកទៅជំរុញ ទំនាក់ទំនងជាមួយជប៉ុន​ ចំពេលមានជម្លោះ ជាមួយអាមេរិក​ ជុំវិញជំងឺកូវីដ-១៩

ប៉េកាំង៖​ ខណៈពេលដែលភាពតានតឹង របស់ចិនជាមួយសហរដ្ឋអាមេរិក​ និងអូស្រ្តាលី​ បាននិងកំពុង ពង្រឹងកាន់តែខ្លាំងឡើងៗ លើការគ្រប់គ្រងរបស់ខ្លួន​ ចំពោះការផ្ទុះឡើងនៃជំងឺកូវីដ-១៩​ មហាអំណាចអាស៊ី​ បានផ្តោតលើការជំរុញ ទំនាក់ទំនងជាមួយប្រទេសជិតខាង​ គឺជប៉ុន​ និងកូរ៉េខាងត្បូង។

 នៅពេលដែលទំនាក់ទំនង ជាមួយទីក្រុងវ៉ាស៊ីនតោន​ ត្រូវបានគេរំពឹងថានឹងកាន់តែអាក្រក់ទៅៗ រហូតដល់ការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក នៅចុងឆ្នាំនេះ​ ទីក្រុងប៉េកាំងកំពុងធ្វើឱ្យមានភាព រួសរាយរាក់ទាក់ឆ្ពោះទៅទីក្រុងតូក្យូ​ និងសេអ៊ូល​ ដោយសំឡឹងមើលការងើបឡើងវិញ នៃសេដ្ឋកិច្ចបន្ទាប់ពីការរាតត្បាត។ 

 អ្នកជំនាញការបរទេសជាច្រើន កំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់នូវគោលនយោបាយ ការបរទេសប្រភេទណា​ ដែលប្រទេសចិន​ នឹងអនុម័តនៅឯសម័យប្រជុំប្រចាំឆ្នាំ​ ដែលត្រូវបានពន្យារពេល នៃសភារបស់ប្រទេស​ គឺសមាជប្រជាជនជាតិដែលគ្រោងនឹងកោះប្រជុំ នៅថ្ងៃសុក្រសប្តាហ៍ក្រោយ។

 ថ្មីៗនេះរដ្ឋបាលរបស់ ប្រធានាធិបតីអាមេរិកលោក​ ដូណាល់​ ត្រាំ​ បានចោទប្រកាន់ទីក្រុងប៉េកាំងថា មិនបានទប់ស្កាត់ការរីករាលដាល នៃវីរុសដែលត្រូវបានរកឃើញដំបូងកាលពីចុងឆ្នាំមុន​ នៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន​ និងមិនចែករំលែកព័ត៌មានពាក់ព័ន្ធក្នុង លក្ខណៈទាន់ពេលវេលា៕

ដោយ​ ឈូក​ បូរ៉ា

To Top