ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ពិធីបញ្ចុះបឋមសីលា សាងសង់ក្លោងទ្វារ វិទ្យាល័យ ហ៊ុន សែន ត្រពាំងឫស្សី ក្នុងស្រុកត្បូងឃ្មុំ
ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសីលា សាងសង់ក្លោងទ្វារ វិទ្យាល័យ ហ៊ុន សែន ត្រពាំងឫស្សី ក្នុងស្រុកត្បូងឃ្មុំ ។ ដែលពិធីនេះ ត្រូវបានប្រារព្ធធ្វើឡើង នៅបរិវេណវិទ្យាល័យ ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បើតាមរបាយការណ៍ លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានគូសបញ្ជាក់អំពីស្ថានភាពអប់រំក្នុងស្រុកត្បូងឃ្មុំថា មានសាលារៀនសរុបចំនួន ១១៤កន្លែង រួមមាន៖ វិទ្យាល័យ ៨កន្លែង (រដ្ឋ ៧កន្លែង ឯកជន ១កន្លែង), អនុវិទ្យាល័យ ១១កន្លែង, បឋមសិក្សា ៨៦កន្លែង និងមត្តេយ្យសិក្សាដាច់ដោយឡែក ៩កន្លែង។

ដោយឡែក ចំពោះគម្រោងសាងសង់ក្លោងទ្វារវិទ្យាល័យ ហ៊ុន សែន ត្រពាំងឫស្សីនេះ បានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានទំហំសសរ ១.៣០ម៉ែត្រ បណ្តោយ ១៣.៥០ម៉ែត្រ កម្ពស់ ១២ម៉ែត្រ និងគ្រោងចំណាយថវិកាសរុប ១០០,០០០,០០០រៀល។ បច្ចុប្បន្ន ថវិកាបានពីសាលា ៣៥,០០០,០០០រៀល និងពីសប្បុរសជន ៣៥,៩២២,០០០រៀល សរុប ៧០,៩២២,០០០រៀល ដែលនៅខ្វះ ២៩,០៧៨,០០០រៀល។

ថ្លែងក្នុងឱកាសនោះ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានសម្តែងការអបអរសាទរ និងសេចក្តីរីករាយជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ចំពោះការបើកការដ្ឋានសាងសង់ក្លោងទ្វារថ្មីនេះ ដែលជាការចូលរួមឧបត្ថម្ភពីព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម នៃសាលាគណស្រុកត្បូងឃ្មុំ ថ្នាក់ដឹកនាំ មន្ត្រីរាជការរដ្ឋបាលស្រុក ព្រមទាំងសប្បុរសជននានា។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា វិស័យអប់រំ ជាវិស័យអាទិភាពដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីកសាងប្រទេសជាតិឱ្យរីកចម្រើន។

លោក ក៏បានក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំរៀនសូត្រ គោរពវិន័យសាលា លោកគ្រូ អ្នកគ្រូ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់ប្រភេទ ។ លោកក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានលះបង់កម្លាំង កាយចិត្តបណ្តុះបណ្តាលចំណេះដឹង និងសីលធម៌ ធានាបាននូវគុណភាពអប់រំ តាមគោលនយោបាយរាជរដ្ឋាភិបាល។

ជាចុងក្រោយ លោកអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណដល់ព្រះសង្ឃ គណៈគ្រប់គ្រងវិទ្យាល័យ លោក-អ្នកគ្រូ ដែលបានផ្តួចផ្តើម និងខិតខំកៀគរ រហូតទទួលបានការសាងសង់ក្លោងទ្វារ និងបញ្ចុះបឋមសិលានាឱកាសនេះ ជាពិសេស ក៏សូមថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមជួយឧបត្ថម្ភទាំងថវិកា និងសម្ភារៈ ជាការសម្រួលការលំបាករបស់សាលាមួយកម្រិតផងដែរ៕




ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/
