ព័ត៌មានជាតិ

អាជ្ញាធរខេត្តត្បូងឃ្មុំ ណែនាំអាជីវករលក់ដូរ នៅតាមបណ្តោយសួនច្បារមាត់ទន្លេ ឱ្យរៀបចំទុកដាក់ឱ្យបានល្អ ដើម្បីចូលរួមចំណែកថែរក្សាអនាម័យ និងទាក់ទាញភ្ញៀវទេសចរណ៍

ត្បូងឃ្មុំ៖ លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារមាត់ទន្លេសិប្បនិម្មិត ទីរួមខេត្ត។

លោក នី សុធី ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានលើកឡើងថា ក្នុងរយៈពេល១ឆ្នាំ កន្លងមកនេះ មន្ទីរបរិស្ថានខេត្ត បានបំពេញកិច្ចការងារ លើវិស័យបរិស្ថានដោយបានចូលរួម ក្នុងយុទ្ធនាការជាច្រើន របស់ក្រសួងបរិស្ថាន ហើយមន្ទីរក៏បានរៀបចំនៅការចែក ជូនកូនឈើដល់រដ្ឋបាលក្រុង ស្រុក និងប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំទាំងមូលផងដែរ ។

លោកបន្តថា ចំពោះកិច្ចការងារថែរក្សាអនាម័យបរិស្ថាន មន្ទីរបរិស្ថានខេត្តតែងតែចុះត្រួតពិនិត្យ នៅតាមមូលដ្ឋាន ជាពិសេសក្នុងតំបន់មាត់ទន្លេសិប្បនិម្មិត ខេត្តត្បូងឃ្មុំយើង ដោយមានការសហការជាមួយមន្ទីរទេសចរណ៍ខេត្ត ធ្វើការចុះអប់រំណែនាំដល់អាជីវករលក់ដូរ នៅតាមបណ្តោយសួនច្បារមាត់ទន្លេ ឱ្យរៀបចំទុកដាក់អនាម័យបរិស្ថានឱ្យបានល្អ ដើម្បីចូលរួមចំណែកថែរក្សាអនាម័យ និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ជាមួយគ្នានេះ លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត បានធ្វើការសារទរ និងថ្លែងអំណរគុណ ដល់មន្ទីរអង្គភាព អ្នកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់លើ កិច្ចការងារថែរក្សាបរិស្ថានក្នុងខេត្តត្បូងឃ្មុំ ។

លោកអភិបាលរង បន្តថា ក្នុងឱកាសប្រារព្ធ ទិវាអនាម័យបរិស្ថានជាតិ នេះ គឺក្នុងគោលបំណងដើម្បីបញ្ជា្របការយល់ដឹង និងផ្សព្វផ្សាយអំពីការ ថែរក្សាបរិស្ថាន ហើយការរក្សានៅបរិស្ថាននេះ គឺជាគោលដៅយុទ្ធសាស្ត្រមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថាន ក្នុងគោលបំណងធ្វើឱ្យមានអព្យាក្រឹតកាបោន ព្រមទាំងកាត់បន្ថយ ផលប៉ះពាល់បរិស្ថាន រក្សាស្ថេរភាពបរិយាកាស និងបង្កើតឱ្យមានសោភ័ណ្ឌភាពបរិស្ថាន ស្តាឡើងវិញនៅគម្របបៃតង កាត់បន្ថយការប្រែប្រួល អាកាសធាតុផងដែរ ។

គួសបញ្ជាក់ផងដែរថា ៖ ក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥នេះ លោកអភិបាលរងខេត្ត បានដឹកនាំក្រុមការងារ អ្នកពាក់ព័ន្ធទាំងអស់ ធ្វើការសម្អាតអនាម័យបរិស្ថាន ក្នុងបរិវេនសួនច្បារមាត់ទន្លេ សិប្បនិម្មិត ដើម្បីបង្ហាញពីស្មារតីចូលរួមថែរក្សាអនាម័យបរិស្ថាន ក្នុងខេត្តត្បូងឃ្មុំកាន់ តែមានសោភ័ណ្ឌភាពបន្ថែមទៀត ៕

ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/

To Top