អាជ្ញាធរមីន ៖ ដើម្បីឆ្ពោះទៅរកកម្ពុជា គ្មានមីនឆ្នាំ២០៣០ ទាមទារនូវឆន្ទៈនយោបាយ ប្រកបដោយនិរន្តរភាព
ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ដើម្បីឆ្ពោះទៅរកប្រទេសកម្ពុជាដែលគ្មានមីនឆ្នាំ២០៣០ ទាមទារនូវឆន្ទៈនយោបាយប្រកបដោយនិរន្តរភាព ធនធានគ្រប់គ្រាន់ និងវិធីសាស្រ្តប្រកបដោយនវានុវត្តន៍ ព្រមទាំងទទួលការគាំទ្រ ប្រកបដោយសប្បុរសពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍។

នាឱកាសអញ្ជើញដឹកនាំសិក្ខាសាលាបិទ “គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល” ដំណាក់កាលទី៤ ២០២០-២០២៥ នៅទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក លី ធុជ ថ្លែងឱ្យដឹងទៀតថា ចាប់តាំងពីឆ្នាំ២០០៦ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានបោសសម្អាតផ្ទៃដីមានមីនចំនួន ៤១៨ គីឡូម៉ែត្រការ៉េ ស្មើនឹង ១៦% នៃផ្ទៃដីបោសសម្អាតសរុបប្រមាណជាង ៣ ៤០០ គីឡីម៉ែត្រការ៉េ ហើយប្រជាជន ១,៣ លាននាក់ ជាអ្នកទទួលផល។
ក្នុងនោះ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ចាប់តាំងពីឆ្នាំ២០២០ ស្ថានភាពប្រជាជនកម្ពុជាជាង ៣៤១ ០០០ នាក់ បានផ្លាស់ប្តូរតាមរយៈការបោសសម្អាតផ្ទៃដី ដែលមានមីនជាង ១៧៤ គីឡូម៉ែត្រការ៉េ (គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥) រួមទាំងកិច្ចសង្រ្គោះ ជនរងគ្រោះដោយសារមីន ការអប់រំយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ និងការកសាងសមត្ថភាពជាតិទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ជាដើម។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសម្រេច បានក្នុងគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ព្រមទាំងថ្លែងអំណរគុណចំពោះភាពជាដៃគូរវាងអាជ្ញាធរមីន ជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រទេសអូស្ត្រាលី នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ និងលុចសំបួ ដែលបានប្តេជ្ញាចិត្តឈរជាមួយកម្ពុជា និងបង្ហាញពីសាមគ្គីភាព ជាសកលក្នុងការដោះស្រាយបញ្ហា ប្រឈមមនុស្សធម៌ ។
ក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានថ្លែងអំណរគុណ ជូនចំពោះប្រទេសជាមិត្ត និងដៃគូដទៃទៀត ដែលបច្ចុប្បន្នបាននិង កំពុងបន្តគាំទ្រប្រកបដោយសប្បុរស ដល់សកម្មភាពមីននៅកម្ពុជា រួមមាន សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អាល្លឺម៉ង់ ន័រវេស្ស ស្វីស ចិន អៀរឡង់ បែលហ្សិក ឥណ្ឌា ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមិន ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជនផងដែរ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បន្តទៀតថា បច្ចុប្បន្ននេះ កម្ពុជា បានឈានដល់របត់ថ្មីមួយយ៉ាងសំខាន់ ឈានឆ្ពោះទៅសម្រេចគោលដៅជាប្រវត្តិសាស្រ្ត គឺកម្ពុជាមួយគ្មានមីនឆ្នាំ២០៣០ ដែលចក្ខុវិស័យនេះត្រូវបានបញ្ជាក់ជាថ្មី ដោយដាក់បញ្ចូលក្នុងគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុះមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា «ការសម្រេចបាននូវស្ថានភាពគ្មានមីន មិនមែនជាការបញ្ចប់ការងាររបស់យើងនោះទេ វាគឺជាការផ្លាស់ប្តូរ ទៅកាន់ដំណាក់កាលថ្មីមួយ ។ សូម្បីតែក្រោយឆ្នាំ ២០៣០ កម្ពុជានឹងប្រឈមមុខនឹងហានិភ័យយុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ ដែលទាមទារឱ្យមានការគ្រប់គ្រងបន្ត ។ យើងត្រូវតែកសាងសមត្ថភាពជាតិ ប្រកបដោយនិរន្តរភាព ដើម្បីដោះស្រាយហានិភ័យទាំងនេះ ប្រកបដោយប្រសិទ្ធភាព និងធានាថាសកម្មភាពមីននៅតែត្រូវ បានដាក់បញ្ចូលទៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ដ៏ទូលំទូលាយរបស់កម្ពុជា»៕
