អ៊ីរ៉ង់ បញ្ជាក់ថា លោកខាងលិចកំពុងបន្តកិច្ចចរចានុយក្លេអ៊ែរឡើងវិញ បន្ទាប់ពីការវាយប្រហារយោធាបរាជ័យ
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា រដ្ឋាភិបាលលោកខាងលិចបានបន្តការអំពាវនាវឱ្យបន្តកិច្ចចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ បន្ទាប់ពី «បរាជ័យ» ក្នុងការសម្រេចគោលបំណងរបស់ពួកគេតាមរយៈសកម្មភាពយោធាថ្មីៗនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA។
លោក Araghchi បានលើកឡើងថា ការអំពាវនាវឱ្យមានការសន្ទនាគឺជា «ធម្មជាតិ» បន្ទាប់ពីមហាអំណាចលោកខាងលិច «មិនបានសម្រេចអ្វីដែលពួកគេចង់បានទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ តាមរយៈការវាយប្រហារយោធា» ដោយបន្ថែមថា មិនមានដំណោះស្រាយយោធា ចំពោះជម្លោះនោះទេ។
លោកបានបន្ដថា អ៊ីរ៉ង់នឹងមិនទទួលយកការចរចាដែលធ្វើឡើងតាមរយៈសម្ពាធនោះទេ ដោយលោកលើកឡើងថា កិច្ចចរចាត្រូវតែផ្អែកលើគោលការណ៍ «សមហេតុផល និងឡូជីខល» ជាជាងការបញ្ជា និងការធ្វើបាប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបន្ដថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបរាជ័យក្នុងការសម្រេចគោលដៅណាមួយរបស់ពួកគេតាមរយៈជម្លោះចុងក្រោយបំផុត ដោយបន្ថែមថា ខណៈពេលដែលការវាយប្រហារតាមអាកាសអាចបំផ្លាញរោងចក្រនុយក្លេអ៊ែរ ពួកគេមិនអាចបំផ្លាញសមត្ថភាពបច្ចេកវិទ្យារបស់អ៊ីរ៉ង់ ឬការតាំងចិត្តរបស់ប្រជាជនរបស់ខ្លួនបានទេ។ លោកបានបន្ថែមថា «រោងចក្ររបស់យើងត្រូវបានបំផ្លាញ ប៉ុន្តែបច្ចេកវិទ្យារបស់យើងនៅតែមាន ហើយឆន្ទៈរបស់យើងកាន់តែរឹងមាំ»។
លោកបានគូសបញ្ជាក់ថា អ៊ីរ៉ង់តែងតែត្រៀមខ្លួនជាស្រេចសម្រាប់ការចរចាដ៏ធ្ងន់ធ្ងរក្រោមលក្ខខណ្ឌត្រឹមត្រូវ ហើយបានបញ្ជាក់ជាថ្មីថា ការទូតនៅតែជា «ដំណោះស្រាយចុងក្រោយ» សម្រាប់ដោះស្រាយជម្លោះក្នុងតំបន់។
គួរបញ្ជាក់ថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើការចរចាដោយប្រយោលចំនួនប្រាំលើកដែលសម្របសម្រួលដោយអូម៉ង់លើបញ្ហានុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយកំពុងរៀបចំសម្រាប់ការចរចាជុំទី៦ នៅពេលដែលអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសធំៗនៅថ្ងៃទី ១៣ ខែមិថុនា លើទីតាំងនុយក្លេអ៊ែរ និងយោធានៅអ៊ីរ៉ង់ ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិល ហើយនៅថ្ងៃទី២២ ខែមិថុនា កងកម្លាំងអាមេរិកបានវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់នៅរោងចក្រ Natanz, Fordow និង Isfahan៕
ប្រែសម្រួល ឈូក បូរ៉ា
