ព័ត៌មានអន្តរជាតិ

បង់ក្លាដែស ជំរុញឱ្យឥណ្ឌាប្រគល់ភ្លាមៗនូវ អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស គឺលោកស្រី Sheikh Hasina និងអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលត្រូវបានកាត់ទោសប្រហារជីវិត

បរទេស៖ ប្រទេសបង់ក្លាដែសបានជំរុញឱ្យប្រទេសឥណ្ឌា “ប្រគល់ភ្លាមៗ” នូវអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស គឺលោកស្រី Sheikh Hasina និងអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Asaduzzaman Khan Kamal ដែលអ្នកទាំងពីរដែលត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការ ក្នុងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដែស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា “យើងអំពាវនាវឱ្យរដ្ឋាភិបាលឥណ្ឌាប្រគល់ភ្លាមៗនូវបុគ្គលដែលត្រូវបានកាត់ទោសទាំងពីរនាក់នេះទៅឱ្យអាជ្ញាធរបង់ក្លាដែស” ។ “នេះក៏ជាកាតព្វកិច្ចសម្រាប់ឥណ្ឌាក្រោមសន្ធិសញ្ញាបត្យាប័នដែលមានស្រាប់រវាងប្រទេសទាំងពីរ”។

ប្រទេសឥណ្ឌា និងបង់ក្លាដែសបានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីបត្យាប័នក្នុងខែមករា ឆ្នាំ ២០១៣ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមភ្នាក់ងារអនុវត្តច្បាប់ និងទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្ម។

ការកាត់ក្តីរបស់លោកស្រី Hasina ត្រូវបានធ្វើឡើងដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICT) របស់ប្រទេសបង់ក្លាដែស ហើយការចោទប្រកាន់រួមមានឃាតកម្ម ការប៉ុនប៉ងមនុស្សឃាត ការធ្វើទារុណកម្ម និងការចោទប្រកាន់ថា បានបញ្ជាឱ្យប្រើប្រាស់អាវុធសម្លាប់ប្រឆាំងនឹងក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងឆ្នាំ ២០២៤ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top