ក្រសួងការពារជាតិចិន រិះគន់ការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់
ប៉េកាំង៖ ក្រសួងការពារជាតិចិន បានរិះគន់អាមេរិកចំពោះ ការលក់អាវុធដែលមានទំហំទឹកប្រាក់ចំនួន ៣៣០ លានដុល្លារអាមេរិក ដែលបានប្រកាសថ្មីៗនេះទៅឱ្យតៃវ៉ាន់ ដោយសន្យាថា នឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកនាំពាក្យក្រសួង លោក Zhang Xiaogang បានឲ្យដឹងថា ការលក់អាវុធនេះរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីរបស់ចិន-អាមេរិក ជ្រៀតជ្រែកយ៉ាងខ្លាំងនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន និងបញ្ជូនសញ្ញាខុសយ៉ាងធ្ងន់ធ្ងរទៅកាន់កងកម្លាំងបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់”។
លោកបានលើកឡើងថា “យើងមិនពេញចិត្ត និងប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ហើយបានដាក់ពាក្យបណ្តឹងយ៉ាងឱឡារិកជាមួយភាគីសហរដ្ឋអាមេរិក”។ លោកបានបន្ដថា ការប៉ុនប៉ងណាមួយដើម្បីជួយ “ឯករាជ្យតៃវ៉ាន់” ដោយមធ្យោបាយយោធានឹងនាំមកនូវបញ្ហាដល់ខ្លួនឯង ហើយគម្រោង “ប្រើប្រាស់តៃវ៉ាន់ ដើម្បីទប់ស្កាត់ប្រទេសចិន” នឹងត្រូវបរាជ័យ។
លោកបានបន្ដថា «យើងសូមអំពាវនាវដល់ភាគីសហរដ្ឋអាមេរិកឲ្យបញ្ឈប់សកម្មភាពខុសឆ្គងរបស់ខ្លួនក្នុងការបំពាក់អាវុធដល់តៃវ៉ាន់ជាបន្ទាន់ ដើម្បីជៀសវាងការប៉ះពាល់ដល់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ និងយោធាទាំងពីរ»។
លោកបានបន្ថែមថា «យើងក៏ព្រមានអាជ្ញាធរគណបក្សជឿនលឿនប្រជាធិបតេយ្យតៃវ៉ាន់ផងដែរថា ការខ្ជះខ្ជាយប្រាក់ដែលប្រជាជននៅតៃវ៉ាន់រកបានដោយលំបាក ដើម្បីទិញអាវុធ គឺគ្មានអ្វីក្រៅពីផ្លូវទាល់ច្រកឡើយ ហើយការប៉ុនប៉ងណាមួយ ដើម្បីស្វែងរកឯករាជ្យដោយពឹងផ្អែកលើកម្លាំងខាងក្រៅ ឬទប់ទល់នឹងការបង្រួបបង្រួមគ្នាដោយអាវុធ នឹងត្រូវបរាជ័យ»៕
ប្រែសម្រួល ឈូក បូរ៉ា
