អេហ្ស៊ីប បដិសេធការប៉ុនប៉ងណាមួយ ដើម្បីបំបែកប្រទេសស៊ូដង់
គែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានឲ្យដឹង ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទជាមួយសមភាគី ស៊ូដង់របស់លោក គឺលោក Mohieldin Salim ថាអេហ្ស៊ីប បដិសេធការប៉ុនប៉ងណាមួយ ដើម្បីបំបែកប្រទេសស៊ូដង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
យោងតាមសេចក្តី ថ្លែងការណ៍មួយ ដែលចេញផ្សាយដោយក្រសួងអេហ្ស៊ីប លោក Abdelatty បានសង្កត់ធ្ងន់លើការ ប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់អេហ្ស៊ីបក្នុងការគាំទ្រឯកភាពជាតិ បូរណភាពទឹកដី និងការអភិរក្សស្ថាប័នជាតិរបស់ខ្លួន។ លោកបានថ្កោលទោសម្តងទៀតចំពោះ “អំពើឃោរឃៅដ៏គួរឱ្យភ័យខ្លាច និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ” ថ្មីៗនេះនៅ El Fasher រដ្ឋធានីនៃរដ្ឋ North Darfur របស់ប្រទេសស៊ូដង់។
ស្តីពីវិបត្តិមនុស្សធម៌នៅស៊ូដង់ លោក Abdelatty បានជំរុញឱ្យបង្កើត ផ្លូវមនុស្សធម៌ដ៏មានប្រសិទ្ធភាព រួមជាមួយនឹងការបង្កើនការគាំទ្រជំនួយសង្គ្រោះ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក និងទីភ្នាក់ងារសង្គ្រោះផ្សេងៗ។
លោកក៏បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងបង្រួបបង្រួម ដើម្បីគាំទ្របទឈប់បាញ់ដ៏ទូលំទូលាយ និងបើកផ្លូវសម្រាប់ដំណើរ ការនយោបាយ ដែលមានការរួមបញ្ចូលនៅក្នុងប្រទេសស៊ូដង់ ដែលបំពេញតាមបំណង ប្រាថ្នារបស់ប្រជាជនស៊ូដង់ សម្រាប់សន្តិសុខ ស្ថិរភាព និង ការអភិវឌ្ឍ ។ យ៉ាងណាមិញមិនទាន់មានព័ត៌មាន ណាមួយត្រូវបានផ្តល់ឱ្យអំពីអ្វីដែលលោក Salim បានឲ្យដឹងនៅក្នុង ការសន្ទនានោះទេ។
នៅថ្ងៃទី ២៦ ខែតុលា កងកម្លាំង គាំទ្ររហ័ស (RSF) របស់ស៊ូដង់បានឲ្យដឹងថា ខ្លួនបានដណ្តើមយកទីស្នាក់ការ កណ្តាលរបស់កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) នៅក្នុងទីក្រុង El Fasher ដែលត្រូវបានឡោមព័ទ្ធ – ដែលជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងសង្គ្រាមស៊ីវិល រយៈពេលពីរឆ្នាំកន្លះ របស់ប្រទេសស៊ូដង់ ដែលបានបង្កើនការភ័យខ្លាចអំពីវិបត្តិ មនុស្សធម៌កាន់តែអាក្រក់ទៅៗ។
ក្រោយមក មន្ត្រីស៊ូដង់ បានឲ្យដឹងថា ជនស៊ីវិលជាង ២,០០០ នាក់ត្រូវបានសម្លាប់ ដោយកងកម្លាំង RSF ចាប់តាំងពីពួកគេ បានដណ្តើមយកការគ្រប់គ្រងទីក្រុងនេះ ដែលជាការអះអាងដែល RSF បានបដិសេធ។ នៅថ្ងៃទី ៣០ ខែតុលា ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិបានថ្កោលទោស ការវាយប្រហាររបស់ RSF ទៅលើតំបន់ El Fasher និង “ផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់វាទៅលើប្រជាជនស៊ីវិល” និងបានថ្កោលទោស “អំពើឃោរឃៅដែលបានរាយការណ៍ដោយ RSF” រួមទាំងការប្រហារជីវិត និងការឃុំខ្លួនដោយបំពាន ៕
ប្រែសម្រួល ឈូក បូរ៉ា
