ចិន បញ្ជាក់ថា នាយករដ្ឋមន្រ្តីលោក លី ឈាំង មិនមានគម្រោងជួបជាមួយ នាយករដ្ឋមន្រ្តីជប៉ុន នៅក្នុងកិច្ចប្រជុំ G20 នោះទេ
ប៉េកាំង៖ ក្រសួងការបរទេសចិន បានឲ្យដឹងថា នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង មិនមានគម្រោងជួបជា មួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ីឈី នៅខាងក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេសចំនួន ២០ នៅអាហ្វ្រិកខាងត្បូងនៅចុងសប្តាហ៍នេះទេ ដោយបង្ហាញ ពីទំនាក់ទំនង កាន់តែអាក្រក់ទៅៗ ជុំវិញការកត់សម្គាល់ថ្មីៗ របស់លោកស្រី លើបញ្ហាកោះតៃវ៉ាន់។
ការប្រកាសនេះបានកើតឡើង នៅពេលដែលមន្ត្រីជាន់ខ្ពស់ម្នាក់ របស់ក្រសួងការបរទេសជប៉ុន បានមកដល់ប្រទេសចិន សម្រាប់ ដំណើរទស្សនកិច្ចមួយ ដែលមានគោលបំណង បន្ធូរបន្ថយជម្លោះការទូត ដែលបានចាប់ផ្តើមប៉ះ ពាល់ដល់ការធ្វើដំណើរ និងទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាឧស្សាហកម្មកម្សាន្តផងដែរ។
ប្រទេសចិន បានដាក់ពាក្យបណ្តឹង បន្ទាប់ពីលោកស្រី តាកាអ៊ីឈី បានប្រាប់គណៈកម្មាធិការសភានៅថ្ងៃទី ៧ ខែវិច្ឆិកាថា ការវាយប្រហារដោយយោធាលើតៃវ៉ាន់អាចជា “ស្ថានភាពគំរាមកំហែង ដល់ការរស់រានមានជីវិត” សម្រាប់ប្រទេសជប៉ុន ដែលបង្ហាញពីការឆ្លើយតបដែលអាចកើតមាន ដែលពាក់ព័ន្ធនឹងកង កម្លាំងការពារខ្លួនរបស់ជប៉ុន។
ទីក្រុងប៉េកាំង ចាត់ទុកកោះដែលគ្រប់គ្រងដោយខ្លួនឯងថាជាខេត្តបះបោរមួយ ដែលត្រូវបង្រួបបង្រួមជាមួយដីគោក ដោយកម្លាំង ប្រសិនបើចាំបាច់ ហើយ ទទូចថាបញ្ហានេះគឺជា “កិច្ចការផ្ទៃក្នុង” របស់ចិនសុទ្ធសាធ នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
នៅក្នុងកិច្ចប្រជុំជាមួយភាគីចិន ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅថ្ងៃអង្គារ លោក Masaaki Kanai ប្រធានការិយាល័យកិច្ចការអាស៊ី និងមហាសមុទ្រ នៃក្រសួងការបរទេសជប៉ុន នឹងសង្កត់ធ្ងន់ថា លោកស្រី តាកាអ៊ីឈិ មិនបានផ្លាស់ប្តូរជំហររបស់ជប៉ុន ដូចដែលបានចែង នៅក្នុងសេចក្តីថ្លែងការណ៍រួមឆ្នាំ ១៩៧២ នោះទេ។
នៅក្នុងឯកសារនេះ ទីក្រុងតូក្យូ បានទទួលស្គាល់ សាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់ តែមួយគត់របស់ប្រទេសចិន ដោយបានផ្លាស់ប្តូរការទទួល ស្គាល់ការទូតរបស់ខ្លួនពីតៃវ៉ាន់ ។ ក្រសួងការបរទេសចិន បានឲ្យដឹងកាលពីថ្ងៃសុក្រសប្ដាហ៍ថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំទីក្រុងប៉េកាំង លោក Kenji Kanasugi ហើយបានទាមទារឱ្យលោកស្រី តាកាអ៊ីឈិ ដកការកត់សម្គាល់ របស់លោកស្រីចេញ៕
ប្រែសម្រួល ឈូក បូរ៉ា
