ក្រុមហេសបូឡា ចោទប្រកាន់អាមេរិក និងអ៊ីស្រាអែលថា ជាអ្នកធ្វើឱ្យលីបង់អស្ថិរភាព
បេរូត ៖ មេដឹកនាំក្រុមប្រដាប់អាវុធហេសបូឡា លោក Naim Qassem បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានធ្វើឱ្យវិបត្តិសេដ្ឋកិច្ចលីបង់ កាន់តែធ្ងន់ធ្ងរឡើង និង អ៊ីស្រាអែលថា កំពុងបង្កើនភាពតានតឹង តាមបណ្តោយព្រំដែន ភាគខាងត្បូងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Qassem បានលើកឡើងថា គោលនយោបាយរបស់សហរដ្ឋអាមេរិក បានរួមចំណែកដល់ការដួល រលំសេដ្ឋកិច្ចលីបង់ ដោយលើកឡើងពីការបរាជ័យរបស់ធនាគារ ការធ្លាក់ចុះតម្លៃប្រាក់ផោន លីបង់ និងការខ្វះខាតប្រេងឥន្ធនៈ និងអគ្គិសនីជាបន្តបន្ទាប់។ លោកបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានរៀបចំក្រុមនយោបាយក្នុងស្រុកដើម្បីជំរុញផលប្រយោជន៍ផ្ទាល់ខ្លួន ដោយពណ៌នាអំពីឥស្សរជនលីបង់មួយចំនួនថាជា “តំណាង” ដែលបម្រើរបៀបវារៈបរទេសដោយចំណាយលើអធិបតេយ្យភាពជាតិ។
លោកក៏បានរិះគន់ទណ្ឌកម្មថ្មីៗដែលគាំទ្រដោយសហរដ្ឋអាមេរិក ដែលផ្តោតលើក្រុមហេសបូឡា ដោយអះអាងថាពួកគេពង្រីកហួសពីក្រុម និងធ្វើឱ្យប៉ះពាល់ដល់ប្រជាជនទូទៅ រួមទាំងស្ថាប័នសង្គម និងសប្បុរសធម៌។ លោកបានបន្ដថា “វិធានការទាំងនេះមានគោលបំណងដាក់សម្ពាធលើគណបក្ស ប៉ុន្តែនៅទីបំផុតពួកគេរឹតត្បិតជំនួយ និងសេវាកម្ម សម្រាប់ពលរដ្ឋទាំងអស់”។
ងាកមកនិយាយអំពីអ៊ីស្រាអែលវិញ លោកបានពិពណ៌នា អំពីការវិវត្តថ្មីៗនៅភាគខាងត្បូងប្រទេសលីបង់ថាជា «ការញុះញង់ដោយចេតនា» ដែលមានបំណងធ្វើឱ្យ ចុះខ្សោយជំហរយោធា នយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសលីបង់។ លោកបានថ្កោលទោស ការរំលោភបំពានរបស់អ៊ីស្រាអែល លើខ្សែបន្ទាត់ពណ៌ខៀវ ហើយបានស្តីបន្ទោស បេសកកម្មរក្សាសន្តិភាព UNIFIL ចំពោះការបរាជ័យក្នុងការទប់ស្កាត់ពួកគេ។
លោកបានព្រមានថា តួអង្គលីបង់ណា ដែលសហការជាមួយអ៊ីស្រាអែល កំពុងជួយកម្លាំងកាន់កាប់យ៉ាងមានប្រសិទ្ធភាព និងធ្វើឱ្យខូចឯករាជ្យភាពជាតិ។ ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់រវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក៏ដោយ អ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយលើកឡើង ពីការបរាជ័យរបស់ប្រទេសលីបង់ ក្នុងការដកហូតអាវុធពីក្រុមនេះ ។ ក្រុមហេសបូឡា បានបដិសេធម្តង ហើយម្តងទៀត ចំពោះការទាមទារ ដកហូតអាវុធ ដោយថា ខ្លួននៅតែប្តេជ្ញាចិត្ត ក្នុងការទប់ទល់នឹង សកម្មភាពរបស់ អ៊ីស្រាអែល និងការពារបូរណភាពទឹកដី របស់ប្រទេសលីបង់៕
ប្រែសម្រួល ឈូក បូរ៉ា
