គម្រោងកសិកម្មឆ្លាតវៃ បង្កើតឡើងក្រោមការផ្តួចផ្តើមរបស់ លោកបណ្ឌិត កៅ ថាច ស្ថិតនៅឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល
កណ្ដាល ៖ គម្រោងកសិកម្មឆ្លាតវៃ ជាគម្រោងដែលបង្កើតឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ដែលមានទីតាំងស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

គម្រោងមានគោលដៅពង្រីក ការអនុវត្តទៅតំបន់នានាទូទាំងប្រទេស ដែលមានសក្តានុពលក្នុងការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។

គម្រោងនេះ បានអនុវត្តតាំងពីឆ្នាំ២០២៣ ដោយផ្ដោតលើការអនុវត្តការដាំដុះ បន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ស្របតាមបច្ចេកទេស ការអនុវត្តកសិកម្មល្អ (GAP) ដើម្បីធានាបាន នូវបន្លែមានគុណភាពខ្ពស់ និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ។ គម្រោងបានផ្ដល់ លទ្ធភាពដល់កសិករក្រីក្រ និងពលករដែល ទើបវិលត្រឡប់ពីក្រៅប្រទេស មកពីគ្រប់តំបន់ ទាំងអស់ ដែលមានឆន្ទៈពិតប្រាកដ ក្នុងការចូលរួមអនុវត្តការងារ ដាំដុះក្នុងវិស័យកសិកម្ម ផងដែរ។

នៅក្នុងខែតុលា ឆ្នាំ២០២៥ នេះ កសិករក្នុងគម្រោងបានប្រមូលផលបន្លែចំនួន ៧ មុខ រួមមាន៖ ស្ពៃក្រញ៉ាញ់, ស្ពៃតឿ, ស្ពៃចង្កឹះ, ស្ពៃឆៃស៊ីម, ស្ពៃពួយឡេង, ខាត់ណាដើម និងប៉េងបោះឈើរី ដែលទទួលបានបរិមាណផលសរុបចំនួន ១ ៤៤៥ គីឡូក្រាម និងគិតត្រឹមខែតុលា ឆ្នាំ២០២៥ នេះ កសិករប្រមូលផលបានសរុបចំនួន ៣៨ ៤៨៧ គីឡូក្រាម៕



