រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង រដ្ឋមន្រ្តីក្រសួងរ៉ែ ចែករំលែកទស្សនៈទាន ស្តីពីការកែទម្រង់ វិស័យយុត្តិធម៌ និង វិស័យរ៉ែ ដល់និស្សិត នៃសាកលវិទ្យាល័យ ភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្ត
ភ្នំពេញ ៖ នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីកិច្ចសន្ទនារវាង ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោក កែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល ដើម្បីចែករំលែកទស្សនៈទាន ស្តីពីការកែទម្រង់វិស័យយុត្តិធម៌ និង វិស័យរ៉ែ និងថាមពលនៅកម្ពុជា ដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្ត។

ក្នុងវេទិកានេះ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានលើកឡើង ពីកិច្ចការជាអទិភាពសំខាន់ពាក់ព័ន្ធ នឹងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្នុងនិតិកាលទី៧នៃរដ្ឋសភា ។

លោកបានមានប្រសាសន៍ ចែករំលែកអំពី “កិច្ចការជាអាទិភាពសំខាន់ៗ ពាក់ព័ន្ធនឹងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា” ។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនអង្គវេទិកាថា ក្រសួងយុត្តិធម៌ បានចាត់ទុកការកែទម្រង់ប្រព័ន្ធយុត្តិធម៌ មិនមែនត្រឹមតែជាអាទិភាពគោលនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា។ ចំពោះការពង្រឹងសមត្ថភាព ធនធានមនុស្សក្នុង វិស័យយុត្តិធម៌។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វិស័យយុត្តិធម៌ ប្រកាន់យក នូវអភិក្រមការងារ “អ្នកមានសមត្ថភាព ត្រូវបំពាក់សមត្ថកិច្ច អ្នកមានសមត្ថកិច្ចត្រូវបំពាក់សមត្ថភាព” ដោយប្រកាន់យកគោលការណ៍គុណាធិបតេយ្យ។ លោកឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើប្អូនៗនិស្សិតទាំងអស់ ឱ្យចូលរួមចែករំលែក និងផ្សព្វផ្សាយអំពីច្បាប់ ដើម្បីលើកកម្ពស់ ការគោរពច្បាប់ ដែលជាការចូលរួមចំណែក ក្នុងការលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា។
នៅក្នុងឱកាសនោះលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានលើកឡើងពីវឌ្ឍនភាពនៃវិស័យរ៉ែ និងថាមពល ដែលមានការរីកចម្រើនជាបន្តបន្ទាប់ ខណៈមកទល់បច្ចុប្បន្ននេះ ចំនួនខ្នងផ្ទះប្រជាពលរដ្ឋដែលបានតភ្ជាប់បណ្តាញអគ្គិសនី មានប្រមាណជាង៣.៧២លានខ្នង ឬស្មើនឹង ៩៥.៨៨%នៃចំនួនខ្នងផ្ទះសរុប។ ហើយភូមិដែលបានតភ្ជាប់បណ្តាញជាតិប្រមាណ៩៩.០៩%។

លោកថែមទាំងបានលើកឡើងពីគម្រោងទាក់ទាញវិនិយោគ ដើម្បីបង្កើតរោងចក្រចម្រាញ់ប្រេង នៅពេលខាងមុខ ដើម្បីធ្វើឱ្យកម្ពុជា មានសន្តិភាពសន្និធិប្រេងបំរុង របស់ជាតិ និងការបង្កើនការប្រមូលពន្ធ មិនមែនសារពើពន្ធពី វិស័យរ៉ែផងដែរ ៕
