អ៊ីរ៉ង់ បដិសេធការចាប់ផ្តើមកិច្ចចរចា នុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានបដិសេធការអះអាងថ្មីៗ របស់ប្រធានាធិបតីអាមេរិកថា ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើកិច្ចចរចានុយក្លេអ៊ែរ។
លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងសុន្ទរកថា មួយទៅកាន់អ្នកយកព័ត៌មាន នៅទីក្រុងតេអេរ៉ង់ មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិកកំពុងនិយាយជាមួយអ៊ីរ៉ង់ ហើយទីក្រុងតេអេរ៉ង់ ចង់ធ្វើកិច្ចព្រមព្រៀងមួយ «យ៉ាងខ្លាំង»។
នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារ ជាមួយព្រះអង្គម្ចាស់ រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់ នៅឯសេតវិមាន លោក ត្រាំ បានឧ្យដឹងថា «យើងកំពុងនិយាយជាមួយពួកគេ ហើយយើងចាប់ផ្តើមដំណើរការមួយ។ ប៉ុន្តែវានឹងជារឿងល្អក្នុងការមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់»។
លោក Baghaei បានសង្កត់ធ្ងន់ថា «បច្ចុប្បន្នមិនមានដំណើរការចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនោះទេ» នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោកបានចង្អុលបង្ហាញពីកំណត់ត្រារបស់សហរដ្ឋអាមេរិក ក្នុងការខកខានមិនគោរព តាមការសន្យារបស់ខ្លួន និងការដាក់ចេញនូវ «ការទាមទារហួសហេតុ» ដោយបញ្ជាក់ជាថ្មីថា មិនមានហេតុផលឡូជីខល ណាមួយសម្រាប់ ការធ្វើកិច្ចចរចាជាមួយភាគីមួយ ដែលមិនមើលឃើញការចរចា ជាដំណើរការទ្វេភាគី មានមោទនភាពចំពោះ «សកម្មភាពឈ្លានពានយោធាខុសឆ្គង» របស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ និងប្រជាជនអ៊ីរ៉ង់នោះទេ៕
