ស្នងការខេត្តកំពង់ធំ ៖ រថយន្តធ្លាក់ ចូលទឹកបង្កឱ្យស្លាប់១៣ របួស២៤នាក់ អាចមកពីអ្នកបើកបរងងុយដេក
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាល ខេត្តកំពង់ធំ បានលើកឡើងថា ករណីរថយន្តក្រុងធុនធំ ២ជាន់ ដែលបើកធ្វេសប្រហែសក្រឡាប់ធ្លាក់ចូលទឹកនៅស្ពានអូរប្រសាទ ក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាលឱ្យចំនួនស្លាប់១៣នាក់ របួស២៤នាក់ អាចមកពីអ្នកបើកបរស្ថិតក្នុងសភាពងងុយដេក ។

បើតាមលោក ឧត្តមសេនីយ៍ទោ ហេង សុផល រថយន្តក្រុងមួយគ្រឿងនេះ ផ្ទុកអ្នកដំណើរ៣៧នាក់ បានក្រឡាប់ បុកបង្កាន់ដៃស្ពាន និងធ្លាក់ចូលក្នុងទឹក កាលពីម៉ោង២រំលងអាធ្រាតថ្ងៃទី២០ វិច្ឆិកា ហើយដល់ម៉ោង១០ព្រឹកនេះ សមត្ថកិច្ចបានស្ទួចរថយន្តចេញពីទឹករួចរាល់ ។

បច្ចុប្បន្ន សាកសពទាំង១៣នាក់ ត្រូវបាននាំយកទៅតម្កល់ទុកនៅវត្តកកោះ ឃុំកកោះ ស្រុកសន្ទុក ដើម្បីធ្វើការកំណត់អត្តសញ្ញាណ និងប្រគល់ជូនក្រុមគ្រួសារ ខណៈសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតលម្អិតបន្ថែម៕













