រដ្ឋបាលខេត្តពោធិ៍សាត់ អំពាវនាវ ពលរដ្ឋប្រុងប្រយ័ត្ន បន្ទាប់ពីស្ថានភាពទឹកជំនន់ក្នុងខេត្ត កើនឡើងជាបន្តបន្ទាប់
ភ្នំពេញ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកជំនន់ ក្នុងខេត្ត កំពុងកើនឡើង ជាបន្តបន្ទាប់ ក្នុងកម្រិតប្រកាសអាសន្ន ដូច្នេះប្រជាពលរដ្ឋ ត្រូវមានការប្រុង ប្រយ័ត្នខ្ពស់

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ថា ដោយផ្អែកលើស្ថានភាព បច្ចុប្បន្នស្ទឹងពោធិ៍សាត់ មានកម្រិតកម្ពស់ទឹក ៥,៥ម៉ែត្រ និងមានការកើនឡើងជាបន្តបន្ទាប់ ក្នុងកម្រិតប្រកាសអាសន្ន។

ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងពោធិ៍សាត់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយណែនាំកូន ចៅតូចៗ កុំឱ្យលេងទឹក និងត្រូវរៀបចំទុកដាក់សម្ភារៈ ឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ។

ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាព ត្រូវយកចិត្តទុកដាក់ជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយរកទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ ព្រមទាំងធ្វើការផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ លើសុខភាពអនាម័យ ដើម្បីជៀសវាងពីជំងឺឆ្លងផ្សេងៗ៕
