ព័ត៌មានអន្តរជាតិ

ចិន​ ជំរុញឱ្យ​អាមេរិក​ ធ្វើសកម្មភាពដើម្បីសន្តិភាព និងស្ថិរភាពនៅអាមេរិកឡាទីន និងតំបន់ការីប៊ីន

ប៉េកាំង៖​ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ម៉ៅ​ នីង បានឧ្យដឹងថា ប្រទេសចិនបានជំរុញឱ្យសហរដ្ឋអាមេរិកជ្រើសរើសផ្លូវសកម្មភាពដែលអំណោយផលដល់សន្តិភាព និងស្ថិរភាពនៅអាមេរិកឡាទីន និងតំបន់ការីប៊ីន។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានបង្ហាញប្រតិបត្តិការ Southern Spear ដែលមានគោលបំណងលុបបំបាត់ “ភេរវករគ្រឿងញៀន” ចេញពីអឌ្ឍគោលខាងលិច។

ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅសប្តាហ៍នេះបានប្រកាសថា Cartel de los Soles “ដឹកនាំដោយលោក​ នីកូឡា​ ម៉ាឌូរ៉ូ” ជាអង្គការភេរវករបរទេស ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ សហរដ្ឋអាមេរិកក៏បាននិយាយផងដែរថា ខ្លួននឹងមិនច្រានចោលការបញ្ជូនកងទ័ពអាមេរិកចូលទៅក្នុងប្រទេសវេណេស៊ុយអេឡាឡើយ។

ជាការឆ្លើយតប លោកស្រី​ ម៉ៅ​ បានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំថា ប្រទេសចិនគាំទ្រយ៉ាងមុតមាំចំពោះការប្រកាសអាមេរិកឡាទីន និងតំបន់ការីប៊ីនជាតំបន់សន្តិភាពដែលចេញផ្សាយដោយសហគមន៍រដ្ឋអាមេរិកឡាទីន និងតំបន់ការីប៊ីនក្នុងឆ្នាំ ២០១៤។

លោកស្រីបានកត់សម្គាល់ថា ប្រទេសចិនប្រឆាំងនឹងចលនាណាមួយ​ ដែលរំលោភលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសដទៃទៀត និងការជ្រៀតជ្រែករបស់កម្លាំងខាងក្រៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសវេណេស៊ុយអេឡាក្រោមលេសណាមួយ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top