គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុង ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បានបញ្ចប់និងជោគជ័យជាស្ថាពរ
ខេត្តសៀមរាប: នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរក្រុង គណៈកម្មការលទ្ធកម្មសង្កាត់ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប បានដាក់ដេញថ្លៃនៅគម្រោង ផ្លូវបេតុងមួយខ្សែ ។

លោកចៅសង្កាត់ ឈួន យ៉ែប ប្រធានគណៈកម្មាធិការលទ្ធកម្មសង្កាត់ បានឱ្យដឹងថា ចំពោះមូលនិធិសង្កាត់ឆ្នាំ២០២៥នេះ សង្កាត់បានដាក់ដេញថ្លៃគម្រោងសាងសង់ ផ្លូវបេតុង១ខ្សែ ប្រវែង ៥០៥ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ក្នុងតម្លៃប៉ាន់ស្មាន ៣០១ ៧៩១ ៣២៤ រៀល ដោយមានក្រុមហ៊ុនចំនួន១១ បានដាក់សំណើ។ ជាលទ្ធផលបានទៅលើក្រុមហ៊ុន ច័ន្ទ ឡុងឌី ក្នុងតម្លៃ ១៧៦ ,៧៥០,០០០ រៀល។

ជាពិសេសក្រុមហ៊ុនដែលទទួលសិទ្ធិនៃការសាងសង់នេះ បានធ្វើការប្ដេជ្ញាចិត្ត ដោយសន្យាសាងសង់ឱ្យត្រឹមត្រូវ ទាន់ពេលវេលា ស្របទៅតាមគំនូរប្លង់បច្ចេកទេស បទដ្ឋានគតិយុត្តនៃការសាងសង់ និងគោរពទៅតាមលក្ខខណ្ឌដែលចែងនៅក្នុងកិច្ចសន្យា។

ជាចុងក្រោយ លោកចៅសង្កាត់ឈួនយ៉ែប បានថ្លែងអំណរគុណ ដល់អាជ្ញាធរពាក់ព័ន្ធ នឹងក្រុមហ៊ុនម៉ៅការ ដែលបានចូលរួមក្នុងការត្រួតពិនិត្យការដេញថ្លៃនៅគម្រោងផ្លូវបេតុងមួយខ្សែនេះទទួលបានលទ្ធផលល្អ និងជោគជ័យដោយរលូន។


ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល/រូប:មន្ទីរព័ត៌មានខេត្តសៀមរាប
