សហភាពពលកម្មជាតិកម្ពុជា តំណាងកម្មករជាង ៧ម៉ឺននាក់ នឹងដាក់ញត្តិប្ដឹងទៅមហាអំណាច ឱ្យស្វែងរកយុត្តិធម៌ ជូនស្ត្រីពលករខ្មែរ ដែលត្រូវទាហានថៃ ចាប់រំលោភ
ភ្នំពេញ៖ សហភាពពលកម្មជាតិកម្ពុជា (NLC) ដែលមានសមាជិកសរុបជាង ៧ម៉ឺននាក់ នឹងដាក់ញត្តិទៅកាន់បណ្ដាស្ថានទូតមួយចំនួនប្រចាំកម្ពុជា ដើម្បីឱ្យជួយអន្តរាគមន៍ ករណីកងទ័ពឈុតខ្មៅថៃ ចាប់រំលោភមកលើពលករស្ត្រីកម្ពុជា យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មានប្រសាសន៍ថា ក្នុងនាមសហជីពតំណាងឱ្យកម្មករនិយោជិតនៅកម្ពុជា ពិតជាមិនទទួលយកបានទេ នូវទង្វើដ៏អាក្រក់បំផុត សាហាវព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌ រំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ទាហានឈុតខ្មៅថៃ ដែលបានវាយធ្វើបាបពលករ និងរំលោភស្ត្រីជាពលករកម្ពុជាធ្វើការនៅប្រទេសថៃ។
ដូច្នេះហើយ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ស្អែកនេះ លោក សំ សឿន នឹងដាក់ញត្តិថ្កោលទោស ទាហានឈុតខ្មៅថៃ និងសុំកិច្ចអន្តរាគមន៍ទៅបណ្ដាស្ថានទូតមួយចំនួនប្រចាំកម្ពុជា ដូចជា៖ ស្ថានទូតអាមេរិក, សហភាពអឺរ៉ុប, ចិន, រុស្ស៊ី និងអង្គការ ILO-IOM-UN។

ជាមួយគ្នានេះ កាលពីថ្ងៃទី១៧ ខែវិច្ឆិកាកន្លងទៅនេះ ក៏ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះអំពើចាប់រំលោភមកលើពលករស្ត្រីកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃ ផងដែរ។
សេចក្ដីថ្លែងការណ៍ លើកឡើងថា ក្នុងនាមជាថ្នាក់ដឹកនាំសហភាពពលកម្មជាតិកម្ពុជា (NLC) មានសហព័ន្ធសហជីព និងអង្គការ-សមាគមសរុបចំនួន ១៧ និងសហជីពមូលដ្ឋានមានចំនួន ១៧៨ ដែលមានសមាជិកសរុបជាង ៧០ ០០០នាក់ មកពីគ្របវិស័យ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើហិង្សា និងការរំលោភបំពានផ្លូវភេទដ៏សាហាវ ដែលបានប្រព្រឹត្តទៅលើពលការិនីចំណាកស្រុកកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។
អំពើនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សសិទ្ធិស្ត្រី និងសិទ្ធិជាតិនៃពលករចំណាកស្រុកដែលត្រូវបានការពារយ៉ាងខ្ជាប់ខ្ជួនដោយ ច្បាប់ជាតិ ធម្មនុញ្ញ លិខិតតុបករណ៍អាស៊ាន ច្បាប់អន្តរជាតិ និងអនុសញ្ញា CEDAW។
សេចក្តីថ្លែងការណ៍ដដែល បានលើកឡើងទៀតថា ករណីរំលោភបំពានដ៏ឃោរឃៅដែលមិនអាចទទួលយកបាននេះ មិនត្រឹមតែជាអំពើអមនុស្សធម៌ទៅលើជនរងគ្រោះប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងជាការបំពានលើគោលការណ៍មនុស្សធម៌របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមានបំណងលើកកម្ពស់ និងធានាសិទ្ធិមនុស្សនៅក្នុងតំបន់៕


