បទអត្ថាធិប្បាយ ៖ កម្ពុជារំពឹងទទួលបានកាលាអនុវត្តភាព ពីផែការ ៥ឆ្នាំ លើកទី១៥ឆ្នាំ របស់ចិន
ផែនការ ៥ឆ្នាំ របស់ប្រទេសចិន បាននិងកំពុងបន្តជោគជ័យយ៉ាងធំធេង នៅប្រទេសចិន ដែលអាចផ្តល់កាលានុវត្តភាពសម្រាប់ពិភពលោក ដោយសារតែប្រទេសចិន គឺជាប្រទេសធំ មានប្រជាជនដ៏ច្រើន ជះផលសេដ្ឋកិច្ចធំទូលំទូលាយ ពាសពេញសកលលោក។ ការណ៍នេះ បញ្ញវន្តនៅកម្ពុជាដែលបានតានដាមយ៉ាងយកចិត្តទុកដាក់ លើផែនការនេះ និងបកស្រាយតាមការសិក្សាជ្រាវ ជាពិសេស ជឿជាក់ថា ផែនការ ៥ឆ្នាំនេះ ក៏បានផ្តល់លានុវត្តភាពថ្មី សម្រាប់កម្ពុជា ក្នុងនាមជាជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង រួមជោគវាសនា គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

សូមស្តាប់ លោកបណ្ឌិត កៅ មុយថង អ្នកវិភាគសង្គម «ខ្ញុំអាចកត់សម្គាល់បាន នូវ ផ្តល់កាលាអនុវត្តភាព ដែលកម្ពុជាយើងអាចទទួល បានពីផែនការ៥ឆ្នាំរបស់ចិន កាលានុវត្តភាពដែលកម្ពុជា ទទួលបាន គឺ៖ ១-ពង្រីកការបើកចំហយ៉ាងសកម្ម ២-ជំរុញពាណិជ្ជកម្ម ដោយភាពច្នៃប្រឌិត ៣-បង្កើនការវិនិយោគិនចិននៅកម្ពុជា និង ៤-ពន្លាតកិច្ចសហប្រតិបត្តិការរវាង ប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ។
ទី១ ពាក់ព័ន្ធនឹង ការប្តេជ្ញាចិត្តរបស់ចិនក្នុងការ ពង្រីកការបើកចំហរយ៉ាងសកម្ម នេះ គឺជាកាលានុវត្តភាពដ៏ធំ សម្រាប់កម្ពុជា ព្រោះវាបង្កើតបរិយាកាសអំណោយផល ថ្មីៗ សម្រាប់កម្បុជា ដូចជា លទ្ធភាពក្នុងនាំចេញផលិផលរបស់យើងទៅចិន។ ពោល គឺ កម្ពុជានឹងកាន់តែមានកាលានុវត្តភាពកាន់តែច្រើនក្នុងការនាំចេញទំនិញកសិផល ដូចជា អង្ករ ស្វាយ ចេក មៀន ជាដើម និងផលិតផលផ្សេងៗទៀតទៅកាន់ទីផ្សារចិន ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) កម្ពុជា-ចិន និង RCEP។ ជាមួយនេះ ចិនក៏ត្រូវតែលើកទឹកចិត្តដល់ក្រុមហ៊ុនរបស់ ខ្លួនឱ្យវិនិយោគលើសង្វាក់ផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងបច្ចេកវិទ្យាថ្មីៗ នៅកម្ពុជា ដែលជួយកម្ពុជាធ្វើទំនើបកម្មខឿនឧស្សាហកម្មរបស់ខ្លួន ថែមទៀត

ក្នុងចំណុចទី២៖ ទាក់ទិននឹងការជំរុញពាណិជ្ជកម្មដោយភាពច្នៃប្រឌិត គឺចិននឹងបន្តអភិវឌ្ឍន៍វេទិកា និងប្រព័ន្ធ គាំទ្ររបស់ខ្លួន សម្រាប់លក់ទំនិញតាមអនឡាញឆ្លងដែន ដែលអនុញ្ញាតឱ្យសហគ្រាសធុនតូចនិងមធ្យម អាចលក់ទំនិញដោយផ្ទាល់ទៅអតិថិជនបរទេស។ បានសេចក្តីថា កម្ពុជាត្រូវត្រៀមខ្លួនរួចជា ស្រេចក្នុងការទទួលយកបច្ចេកវិទ្យាថ្មីៗ ដើម្បីឱ្យទទួលបានផលប្រយោជន៍ពេញលេញពីកំណើនសេដ្ឋកិច្ច ចិន ដូចជា កម្ពុជាអាចចាប់យកឱកាសនេះដើម្បីរៀនសូត្រ និងសហការជាមួយចិនក្នុងការអភិវឌ្ឍ ពាណិជ្ជ កម្មអេឡិចត្រូនិកឆ្លងដែន។ វានឹងបើកច្រកឱ្យផលិតផលកម្ពុជា (ជាពិសេសផលិតផលកសិកម្ម និងសិប្ប កម្ម) ទៅ កាន់ទីផ្សារចិនដោយផ្ទាល់តាមរយៈបណ្តាញអនឡាញ។
ទី៣ ៖ បង្កើនការវិនិយោគចិននៅកម្ពុជា គឺជាផលវិជ្ជមានផ្ទាល់មួយ ដែលរំពឹងទុកពីការអនុវត្ត “ផែនការ ៥ឆ្នាំ លើកទី១៥” (២០២៦-២០៣០) និងយុទ្ធសាស្ត្រ “ការបើកចំហរយ៉ាងសកម្ម” របស់ចិន។ បានសេច ក្តីថា ចិននឹងបន្តជំរុញឱ្យក្រុមហ៊ុនរបស់ខ្លួនពង្រីកប្រតិបត្តិការនៅបរទេស ពិសេសនៅក្នុងប្រទេសជាដៃគូ សំខាន់ៗនៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវ ហើយកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសជាដៃគូ នឹងទទួលបានលទ្ធផលយ៉ាងណានោះ ក៏អាស្រ័យលើកម្ពុជាយើងត្រូវបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាស វិនិយោគរបស់ខ្លួន ទាំងផ្នែកនីតិវិធីច្បាប់ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្សដែលមាន ជំនាញខ្ពស់។

ទី៤ ៖ ពន្លាតកិច្ចសហប្រតិបត្តិការ រវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ។ ការណ៍នេះ គឺជាសសរស្តម្ភដ៏សំខាន់មួយ ក្នុងការបន្តកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។ ជា ចំណុចនេះមានសារៈសំខាន់ ព្រោះវាជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ដែលត្រូវតែមានការពង្រឹងការយល់ដឹង កសាងជំនឿទុកចិត្ត និងមិត្តភាពយូរអង្វែង ដែលត្រូវមាន គឺមិនអាចត្រឹមតែលើកម្រិតរដ្ឋាភិបាលប៉ុណ្ណោះទេ តែត្រូវកសាងផងដែរនូវជំនឿទុកចិត្តរវាង ប្រជាជននិងប្រជាជន រួមទាំងសង្គមស៊ីវិលទាំងមូលផងដែរ។ ក្នុងនោះ អ្វីដែលយើងត្រូវធ្វើឳ្យបាន គឺ កំណើនទេសចរណ៍ និង ប្រាក់ចំណូល, ការយល់ដឹងវប្បធម៌ និង ភាសា ជាដើម។
ជារួម សម្រាប់កម្ពុជា ផែនការនេះគឺជាកាលានុវត្តភាពជាយុទ្ធសាស្ត្រ ដែលរួមចំណែកបង្កើនឱកាស សេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ក្រោមក្របខ័ណ្ឌនៃ «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគ សម័យថ្មី»។ កាលានុវត្តភាពទាំងបួនចំណុចខាងលើ នឹងឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទំនាក់ទំនងសេដ្ឋកិច្ចពី កម្រិតប្រពៃណី ទៅកាន់កម្រិតមួយទៀតដែលមានគុណភាពខ្ពស់ និងភាពច្នៃប្រឌិត។ ម្យ៉ាងទៀត ផែនការ ៥ឆ្នាំលើកទី១៥ គឺជាសក្ខីភាពដែលបង្ហាញថា ចិននៅតែបន្តជាដៃគូដ៏សំខាន់ និងជាកម្លាំងចលករដ៏ធំ សម្រាប់កំណើន សេដ្ឋកិច្ច និងការអភិវឌ្ឍសមត្ថភាពរបស់កម្ពុជាក្នុងយុគសម័យថ្មី។
លោកបណ្ឌិត ជា មុន្និឬ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន ដូចដែលប្រវត្តិសាស្រ្តសកលលោកបាននិងកំពុងបន្តចងក្រងពីវឌ្ឍនភាពរីកចម្រើនរបស់ប្រទេសចិនដែលមានឈ្មោះជាផ្លូវការថា «សាធារណរដ្ឋប្រជាមានិតចិន» ហើយនេះជាសច្ចភាពដែលយើងអាចយកមកពន្លាតជូនថាល្គិកណាប្រទេសចិនបន្តរីកចម្រើន ពិភពលោកនឹងបន្តកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ ដោយផ្តើមពីទឡ្ហីករណ៍នេះ យើងនឹងយល់ពីមូលហេតុដែលនាំឱ្យប្រទេសចិនរីកចម្រើនបានផលពី «ផែនការ៥ឆ្នាំ» ដោយចេញដំណើរពីឆ្នាំ១៩៥៣ នោះបច្ចុប្បន្ននេះ ប្រទេសចិនបានសម្រេចដោយជោគជ័យស្របតាម«ផែនការ៥ឆ្នាំ លើកទី១៤»របស់ខ្លួន។ ឆ្នាំ២០២៦-២០៣០ ជារយៈពេលដែលប្រទេសចិនដាក់ចេញនូវ «ផែនការ៥ឆ្នាំលើកទី១៥» ហើយជាការបង្វែចក្ខុរបស់ពិភពលោកបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើផែនការនេះ។ ដោយឡែក ដូចនឹងប្រទេសនានា ប្រទេសកម្ពុជាតែងទទួលបានកាលានុវត្តភាពយ៉ាងច្រើនពីវឌ្ឍនភាពរបស់ប្រទេសចិនតាមរយៈ«ផែនការ៥ឆ្នាំ»។

សម្រាប់លើកទី១៥នេះ ផែនការ៥ឆ្នាំ គិតចាប់ពីដើមឆ្នាំ២០២៦ ដល់ចុងឆ្នាំ២០៣០ ហើយផែនការ៥ឆ្នាំលើកទី១៥នេះត្រូវបានបណ្តាប្រទេសនានាយកទៅបន្ស៊ីជាមួយគោលនយោបាយរបស់ខ្លួន ដែលក្នុងនោះកម្ពុជាក៏បាននិងបន្ស៊ីជាមួយយុទ្ធសាស្រ្តបញ្ចកោណផងដែរ។ ការអភិវឌ្ឍមូលធនមនុស្ស ការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល ការបង្កើនសក្តានុពលនៃគុណភាពផលិតភាពដោយផ្អែកលើវិទ្យាសាស្ត្រ-បច្ចេកវិទ្យាត្រូវបានប្រទេសយើងទាំងពីរ កម្ពុជា-ចិន បានយកចិត្តយ៉ាងខ្លាំង។ ដោយបន្តលើយន្តការដែលមានស្រាប់ ដូចជា«ច្រករបៀងស្រូវនិងមច្ឆា» «ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា» រួមជាមួយវិស័យទាំង៦ដែលភាគីយើងទាំងពីរបានឯកភាពគ្នាបង្កើត «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ» កាលពីឆ្នាំ២០២៣ ដែលមានវិស័យអាទិភាពចំនួនប្រាំមួយ រួមមាន ១-កិច្ចសហប្រតិបត្តិការនយោបាយ ២-សមត្ថភាពនិងគុណភាពផលិតកម្ម ៣-កសិកម្ម ៤-ថាមពល ៥-សន្តិសុខ និង ៦-ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន បាននិងកំពុងបន្ស៊ីបន្តបញ្ចូលនៅពេលដែលប្រទេសចិនអនុវត្ត«ផែនការ៥ឆ្នាំលើកទី១៥»៕
