ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ ហេង សួរ ចូលរួមសន្និសីទស្តីពី « គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់ វិស័យវាយនភណ្ឌ» លើកទី៧ នៅសិង្ហបុរី

សិង្ហបុរី៖ សន្និសីទស្តីពី «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់វិស័យវាយនភណ្ឌ» លើកទី៧ ក្រោមប្រធានបទ «ការជំរុញឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសកល សម្រាប់អនាគតប្រកបដោយកិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍» បានរៀបចំប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ដែលមានអ្នកចូលរួម​ ប្រមាណជាង ៣០០នាក់ ជាតំណាងរដ្ឋាភិបាល អង្គទូត អ្នកបញ្ជាទិញ អ្នកផលិតវត្ថុធាតុដើម អ្នកផ្គត់ផ្គង់ អ្នកគាំទ្រផ្នែកបច្ចេកទេស អ្នកសិក្សាស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល នៃឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ ។ សន្និសីទនេះ ផ្តល់ឱកាស ឱ្យអ្នកចូលរួមទាំងអស់ ពិភាក្សាលើប្រធាន បទសំខាន់ៗពាក់ព័ន្ធ នឹងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យវាយនភណ្ឌ ក្រោមក្របខណ្ឌគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ តាមរយៈកិច្ចសហប្រតិបត្តិការចិន-អាស៊ាន, សមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់សកល, ឱកាសភាពជាដៃគូ, និងទស្សនវិស័យនៃការវិនិយោគក្នុងតំបន់។

នៅក្នុងវេទិកាដ៏មានសារ:សំខាន់នេះ លោករដ្ឋមន្ត្រី ហេង សួរ បានផ្តល់បទអន្តរាគមន៍ចែករំលែកអំពី «គំរូកំណើន ឈ្នះ-ឈ្នះ សម្រាប់ចិន និងអាស៊ាន ក្នុងវិស័យវាយនភណ្ឌ ក្រោមក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» ដោយបានបង្ហាញពីការផ្លាស់ប្តូរ របស់កម្ពុជាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដោយសង្កត់ធ្ងន់លើការធ្វើឱ្យ ប្រសើរឡើងនូវ ហេដ្ឋារចនាសម្ព័ន្ធ កម្លាំងពលកម្ម ដែលមានភាពប្រកួតប្រជែង ការរីកចម្រើននៃច្រវាក់ផលិតកម្ម ប្រកបដោយចីរភាព និងការពង្រីក លទ្ធភាពចាប់យកឱកាសវិនិយោគ ក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរសម្រាប់កំណើន រួមគ្នារវាងកម្ពុជា និងចិនផងដែរ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏មានជំនួបដាច់ដោយឡែកជាមួយ អ្នកបញ្ជាទិញ អ្នកផលិតវត្ថុធាតុដើម អ្នកផ្គត់ផ្គង់ អ្នកគាំទ្រផ្នែកបច្ចេកទេសក្នុងវិស័យវាយនភណ្ឌ ក្នុងគោលបំណងបង្ហាញពីសក្តានុពល និងឱកាសវិនិយោគ និងគោលនយោបាយគាំទ្រនានា របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វិស័យនេះ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាជាមួយ សាស្ត្រាចារ្យ Shen Bin ព្រឹទ្ធបុរសរង និងជាសាស្ត្រាចារ្យ នៅសកលវិទ្យាល័យ Donghau ប្រទេសចិន ដើម្បីពិភាក្សាលទ្ធភាពក្នុងការ សហការជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជាផងដែរ៕

To Top