អត្ថបទ

សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា សាខាសៀមរាប រៀបចំមហាសន្និបាតប្រចាំឆ្នាំ ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី៦ ឆ្នាំ២០២៥–២០២៦

សៀមរាប៖ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា, សាខាសៀមរាប បានរៀបចំ មហាសន្និបាតប្រចាំឆ្នាំ របស់ខ្លួន នៅសណ្ឋាគារ ដឺ សែនជូរី ខេត្តសៀមរាប។ គោលបំណងស្នូលនៃកិច្ចប្រជុំដ៏ឧត្តុង្គឧត្តមនេះ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិថ្មី ឆ្នាំ២០២៥–២០២៦ ដែលជា អាណត្តិទី៦ នៃការដឹកនាំ នៅក្នុង ចេ ស៊ី អាយ សៀមរាប។

មហាសន្និបាតត្រូវបានដឹកនា ដោយ កញ្ញា Janne Spaan ជាប្រធានថ្នាក់តំបន់ នៃសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា ,សាលាសៀមរាប ឆ្នាំ២០២៥។ អង្គសន្និបាតទាំងមូលបានប្រព្រឹត្តទៅក្រោម សក្ខីភាពដ៏ខ្ពង់ខ្ពស់ របស់ លោក អន ឡាយឃាង (លី ដេវីដ) អនុប្រធានប្រតិបត្តិថ្នាក់ជាតិឆ្នាំ២០២៥ ដែលជាតំណាងដ៏ថ្លៃថ្លា នៃក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា។

ការអញ្ជើញចូលរួមប្រកបដោយកិត្តិយស និងការទទួលខុសត្រូវពីសំណាក់ ក្រុមប្រឹក្សាថ្នាក់តំបន់ សមាជិក សមាជិការ និងភ្ញៀវកិត្តិយស បានធ្វើឲ្យអង្គសន្និបាតទាំងមូលប្រកបទៅដោយរលូន និងបង្ហាញពី ស្មារតីសាមគ្គីភាព។

គោលបំណងចម្បងនៃមហាសន្និបាត គឺ ការបោះឆ្នោត ដើម្បីជ្រើសរើស បេក្ខភាពក្រុមប្រឹក្សាភិបាលជាផ្លូវការ សម្រាប់ដឹកនាំ ចេ ស៊ី អាយ សៀមរាប ក្នុងអាណត្តិបន្ត។ អស់រយៈពេល ៥ ឆ្នាំកន្លងមកនេះ ចេ ស៊ី អាយ សៀមរាប តែងតែអនុវត្តន៍ប្រព័ន្ធបោះឆ្នោតប្រកបដោយ សុចរិតភាព សុក្រឹតភាព និងភាពថ្លៃថ្នូរ ជាចម្បងក្នុងការរក្សាបទដ្ឋាននៃភាពជាអ្នកដឹកនាំដ៏ត្រឹមត្រូវ។

សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា,ខេត្តសៀមរាប សូមជម្រាបជូន ក្រុមប្រឹក្សាភិបាលដែលបានជាប់ឆ្នោតជាផ្លូវការ សម្រាប់ អាណត្តិទី៦ ឆ្នាំ២០២៥–២០២៦ ដែលមានសមាសភាពដូចតទៅ៖
១.លោក មួត សុភ័ត្រា ជាប្រធានថ្នាក់តំបន់ ឆ្នាំ២០២៦
២.លោក ហង់ បូរ៉ា ជាអនុប្រធានប្រតិបត្តិថ្នាក់តំបន់ ឆ្នាំ២០២៦
៣.លោក នូ រដ្ឋធី អនុប្រធានថ្នាក់តំបន់ នៃកិច្ចការអភិវឌ្ឍន៍ធនធាន ឆ្នាំ២០២៦
៤.លោក ឌុក ដេត អនុប្រធានថ្នាក់តំបន់ នៃកិច្ចការសហគមន៍ ឆ្នាំ២០២៥
៥.លោក សុង សុធិបតី អនុប្រធានថ្នាក់តំបន់ទទួលបន្ទុកនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ឆ្នាំ២០២៦។

ក្រុមប្រឹក្សាភិបាលអាណត្តិ២០២៥–២០២៦ ដែលត្រូវបានជ្រើសរើសជាផ្លូវការក្នុងឱកាសនេះ បានបង្ហាញយ៉ាងច្បាស់ពីឆន្ទៈ បទពិសោធន៍ និង ការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការបន្តអភិវឌ្ឍអង្គភាព ពង្រឹងសក្តានុពល និងបង្កើតនូវវិសាលភាពប្រកបដោយការច្នៃប្រឌិតក្នុងសហគមន៍។

ចេ ស៊ី អាយ សៀមរាប សូមថ្លែងអំណរគុណដោយស្មោះស្ម័គ្រ ជូនចំពោះ ក្រុមប្រឹក្សាភិបាលអាណត្តិ២០២៥ និងអាណត្តិមុនៗទាំងអស់ ដែលបានបំពេញបេសកកម្មដោយក្ដីស្មោះត្រង់ និងការលះបង់ដ៏ធំធេង។ ការដឹកនាំរបស់ពួកគេបាននាំមកនូវ សមិទ្ធផលលេចធ្លោ ជាច្រើន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍយុវជន វិស័យសង្គម និងគម្រោងសហគមន៍ជាច្រើន ដែលបានបង្កើតផលប៉ះពាល់វិជ្ជមានចំពោះសង្គម។
ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាភិបាលថ្មី ចេ ស៊ី អាយ សៀមរាប មានសេចក្តីជឿជាក់យ៉ាងពេញទំហឹងថា នឹងបន្តសាងសង់នូវខ្លឹមសារនៃភាពជាអ្នកដឹកនាំដ៏រឹងមាំ ការរីកចម្រើនប្រកបដោយចីរភាព និងចក្ខុវិស័យយូរអង្វែង ដើម្បីពង្រីកសកម្មភាព អភិវឌ្ឍគម្រោងថ្មី និងកសាងឱកាសសម្រាប់យុវជនក្នុងតំបន់ឲ្យកាន់តែប្រសើរឡើង។

ជាទីបញ្ចប់ ចេ ស៊ី អាយ សៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសមាជិកគ្រប់រូប អ្នកឧបត្ថម្ភ និងដៃគូសហការណ៍ទាំងឡាយ ដែលជាសសរស្តម្ភដ៏សំខាន់ក្នុងការបង្កើតការផ្លាស់ប្ដូរដោយភាពវិជ្ជមានសម្រាប់សហគមន៍ និងសង្គមជាតិកម្ពុជា។ សមិទ្ធផលទាំងអស់ដែលសម្រេចបាននាពេលកន្លងមក គឺជាលទ្ធផលនៃការរួបរួមគ្នា ដែលកើតចេញពីកម្លាំងសាមគ្គីភាព និងការចូលរួមយ៉ាងស្មោះស្ម័គ្រយ៉ាងសកម្មពីសមាជិកគ្រប់រូប ៕

To Top