ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញបិទសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី “ការថែទាំផ្លូវជនបទ និងការប្រើប្រាស់ទម្រង់ផែនទី QGIS” ជូនដល់សិក្ខាកាមចំនួន១១០នាក់ នៅខេត្តសៀមរាប

សៀមរាប៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៥បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី “ការថែទាំផ្លូវជនបទ និងការប្រើប្រាស់ទម្រង់ផែនទី QGIS” ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ក្រសួងនិងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំង២៥ សរុបចំនួន ១១០នាក់ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប ដោយមានវត្តមានអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទផងដែរ ។

យោងតាមរបាយការណ៍ សិក្ខាសាលាបណ្ដុះបណ្ដាលរបស់ លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ បានបញ្ជាក់ជូនថា “សិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការថែទាំផ្លូវជនបទ និងការប្រើប្រាស់ទម្រង់ផែនទី QGIS” បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ដោយផ្ដោតសំខាន់លើប្រធានបទសំខាន់ៗចំនួន ៣ រួមមាន៖ ទី១. ការថែទាំផ្លូវជនបទ, ទី២. ការប្រើប្រាស់ទម្រង់ផែនទីក្នុងកម្មវិធី QGIS និងទី៣. ការវិភាគ CBA ការងារថែទាំផ្លូវជនបទ”។ ជាលទ្ធផល អង្គសិក្ខាសាលាបានយល់ដឹងបន្ថែមអំពីការអនុវត្តការថែទាំផ្លូវជនបទ, ការរៀបចំផែនទីផ្លូវជនបទ, វិធីសាស្ត្រនៃការថែទាំផ្លូវក្រាលកៅស៊ូ DBST និង ការរចនាផែនទីតាមកម្មវិធី QGIS ដើម្បីជាមូលដ្ឋានក្នុងការអនុវត្តការងារប្រកបដោយភាពប្រាកដនិយម ក្នុងបរិបទនៃកំណែទម្រង់រដ្ឋបាលសាធារណៈ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ សិក្ខាសាលាបណ្ដុះបណ្ដាលរួចមក លោក ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ដែលមានឆន្ទៈ និងការតាំងចិត្តខ្ពស់ ក្នុងការអភិវឌ្ឍសមត្ថភាពដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនឥតឈប់ឈររបស់សង្គមកម្ពុជានាពេលបច្ចុប្បន្ន ការរីកចម្រើន នៃបច្ចេកវិទ្យា ក៏ដូចជាតម្រូវការជាក់ស្តែងរបស់សហគមន៍ជនបទ ជាពិសេសហេដ្ឋារចនាសម័្ពន្ធផ្លូវជនបទ ព្រមទាំងបានថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ ដែលតែងតែខិតខំបំពេញបាននូវតួនាទី និងភារកិច្ចក្នុងការអនុវត្តការងារជូនជាតិ និងប្រជាជនរៀងរហូតមក។

ឆ្លៀតក្នុងឱកាសនេះ លោក ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ជូនថា ដើម្បីបន្ដការអភិវឌ្ឍ ប្រទេសជាតិឆ្ពោះទៅអនាគតរីកចម្រើនរុងរឿង ជាមួយនឹងសមិទ្ធផល ដែលជាប្រវត្តិសាស្ដ្រដ៏ត្រចះត្រចង់ ពីរាជរដ្ឋាភិបាលនីតិកាលមុន, រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេន ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនិងអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ហើយនាពេលថ្មីៗនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញឱ្យប្រើប្រាស់នូវគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ និងដាក់ចេញអនុក្រឹត្យ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ គោលនយោបាយជាតិនេះបានកំណត់ចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយ បរិយាបន្ន សមធម៌ និងចីរភាព” និងមានគោលបំណងធ្វើឱ្យ “ប្រជាជននៅតំបន់ជនបទ មានជីវភាពសមរម្យប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អដោយចីរភាពនិងមានសេចក្តីថ្លៃថ្នូរ” ។ ផ្អែកលើយុទ្ធសាស្ដ្រនៃគោលនយោបាយជាតិនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់យកកម្មវិធីអាទិភាពចំនួន ៥ផងដែរ។

លោក ឆាយ ឫទ្ធិសែន បានប្រសាសន៍ទៀតថា សិក្ខាសាលាបណ្ដុះបណ្ដាលរយៈពេល ២ថ្ងៃនេះ គឺជាការអនុវត្តនូវយុទ្ធសាស្ដ្រទី១ និងយុទ្ធសាស្ដ្រទី៥ របស់គោលនយោបាយជាតិ ដែលពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់មន្ដ្រីរាជការ ក្នុងការទទួលបាននូវចំណេះដឹង និងបទពិសោធន៍បន្ថែមទៀត សម្រាប់អនុវត្តការងារអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទបន្ថែមទៀត ដោយផ្តោតសំខាន់លើ “ការងារថែទាំផ្លូវជនបទ និងការប្រើប្រាស់ទម្រង់ផែនទីក្នុងកម្មវិធី QGIS” ដែលចូលរួមចំណែក ក្នុងបង្កើនប្រសិទ្ធភាព នៃការងារថែទាំផ្លូវជនបទ ឱ្យកាន់តែប្រសើរឡើងស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ដោយត្រូវពង្រឹង ៧០% និងពង្រីក ៣០%។

ជាមួយគ្នានោះ លោក ឆាយ ឫទ្ធិសែន ក៏បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ជូនដល់អង្គសិក្ខាសាលាដើម្បីជំរុញ និងធានាឱ្យបាននូវការអនុវត្តកម្មវិធី អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជនបទ ជាពិសេសការថែទាំផ្លូវជនបទឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ។

ជាកិច្ចបញ្ចប់ លោក ឆាយ ឫទ្ធិសែន បានអញ្ជើញផ្តល់កិត្តិយសចែកលិខិតថ្លែងអំណរគុណជូនដល់គ្រូឧទ្ទេស ក៏ដូចជាប្រគល់វិញ្ញាបនបត្របញ្ជាក់កាសិក្សា ជូនសិក្ខាកាមទាំងអស់ដែលបញ្ចប់សិក្ខាសាលាបណ្ដុះបណ្ដាលដោយជោគជ័យផងដែរ ៕

To Top