ព័ត៌មានជាតិ

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ប្ដេជ្ញាសម្របសម្រួលការអនុវត្តតាមខ្លឹមសារ នៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ប្រកបដោយអព្យាក្រឹតភាព

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានគូសបញ្ជាក់ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថា ប្ដេជ្ញាសម្របសម្រួលការអនុវត្តតាមខ្លឹមសារ នៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ប្រកបដោយអព្យាក្រឹតភាព ។

ការគូសបញ្ជាក់ខាលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ អនុញ្ញាតឱ្យ លោកនាយឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និង គណៈប្រតិភូ​ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី​ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការដ៏ល្អរបស់កម្ពុជា ក្នុងការសម្របសម្រួល ដល់ការបំពេញការងារ របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះអនុវត្តភារកិច្ចរបស់ខ្លួននៅកម្ពុជា នាពេលកន្លងមក។

លោកអគ្គមេបញ្ជាការ បានគូសបញ្ជាក់ថា ជីវិត និងសន្ដិភាព ពិតជាមានតម្លៃណាស់។ ក្នុងន័យនេះ, លោកបានបញ្ជាក់ អំពីកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការចូលរួមចំណែកសម្របសម្រួល ឱ្យទទួលបាននូវសន្តិភាព នៃប្រទេសទាំងពីរ ក៏ដូចជាការប្ដេជ្ញាចិត្ត ក្នុងការបំពេញការងារ ប្រកបដោយអព្យាក្រឹតភាព ក្នុងការសម្របសម្រួលលើកិច្ចការនេះ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះ លោកអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងគណៈប្រតិភូ និងបានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់ប្រទេសម៉ាឡេស៊ី ជាពិសេស តួនាទីដ៏សំខាន់ របស់លោកនាយករដ្ឋមន្រ្តី Anwar Ibrahim ដែលបានចូលរួមចំណែក ជួយសម្របសម្រួល ឱ្យមានបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង ការឈានទៅសម្រេចបាន នូវសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាអរគុណ ដល់តួនាទីដ៏សកម្មរបស់ លោកអគ្គមេបញ្ជាការ ក្នុងការដឹកនាំ និង​សម្របសម្រួល​ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ស្របតាម​បទឈប់បាញ់ កម្ពុជា-ថៃ,​ ស្មារតីនៃកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ និងខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខា នៅទីក្រុងគូឡាឡាំពួ។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចធិបតី បានជម្រាបជូន លោកអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី អំពីស្ថានភាព និងការវិវត្ត នៃបញ្ហាព្រំដែន កម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែននេះ ដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមកម្ពុជា-ថៃ ព្រមទាំងផ្អែកលើច្បាប់អន្តរជាតិ និង កិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់។

លោកអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានជម្រាបជូនសម្ដេចធិបតី អំពីការប្ដេជ្ញាចិត្ត ក្នុងការខិតខំចូលរួមចំណែក សម្របសម្រួល និងធានាឱ្យបាននូវការអនុវត្ត តាមបទឈប់បាញ់កម្ពុជា-ថៃ,​ ស្មារតីនៃកិច្ចប្រជុំ គណ:កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ និងខ្លឹមសារ នៃសេចក្ដីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខា នៅទីក្រុងគូឡាឡាំពួ៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top