អាមេរិក និងអ៊ុយក្រែន ព្រមព្រៀងគ្នាលើក្របខ័ណ្ឌសន្តិសុខ
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកចរចាសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានជួបប្រជុំគ្នាក្នុងរយៈពេលពីរថ្ងៃ ហើយបានឯកភាពគ្នា លើក្របខ័ណ្ឌនៃការរៀបចំសន្តិសុខ។
ក្នុងរយៈពេលពីរថ្ងៃ លោក Steven Witkoff បេសកជនពិសេសអាមេរិក សម្រាប់សន្តិភាព និងលោក Jared Kushner បានជួបជាមួយលោក Rustem Umerov លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន និងលោក Andriy Hnatov ប្រធានអគ្គសេនាធិការ សម្រាប់ការពិភាក្សាប្រកបដោយស្ថាបនា លើការជំរុញមាគ៌ាដ៏គួរឱ្យទុកចិត្តឆ្ពោះទៅរកសន្តិភាព ដ៏យូរអង្វែង និងយុត្តិធម៌នៅក្នុងប្រទេសអ៊ុយក្រែន។
ក្រុមនេះបានធ្វើកិច្ចប្រជុំលើកទី៦ របស់ពួកគេក្នុងរយៈពេលពីរសប្តាហ៍កន្លងមក។ លោករដ្ឋមន្ត្រី Umerov បានបញ្ជាក់ជាថ្មីថា អាទិភាពរបស់អ៊ុយក្រែន គឺការធានាការតាំងទីលំនៅដែលការពារឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួន ធានាសុវត្ថិភាពរបស់ប្រជាជនអ៊ុយក្រែន និងផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់អនាគតប្រជាធិបតេយ្យដ៏រុងរឿង។
អ្នកចូលរួមបានពិភាក្សា អំពីលទ្ធផលនៃកិច្ចប្រជុំថ្មីៗនេះ រវាងភាគីសហរដ្ឋអាមេរិក និងរុស្ស៊ី ហើយភាគីទាំងពីរក៏បានឯកភាពគ្នា លើក្របខ័ណ្ឌនៃការរៀបចំសន្តិសុខ និងបានពិភាក្សាអំពីសមត្ថភាពទប់ស្កាត់ចាំបាច់ ដើម្បីរក្សាសន្តិភាពយូរអង្វែង៕
ប្រែសម្រួល ឈូក បូរ៉ា
