ព័ត៌មានជាតិ

ចិន ជំរុញឱ្យជប៉ុន បំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាប្រទេស ដែលចាញ់សង្គ្រាមលោកលើកទី២

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានជំរុញឱ្យប្រទេសជប៉ុន បំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាប្រទេស ដែលចាញ់សង្គ្រាមលោកលើកទី២ ឈប់ប្រកួតប្រជែង នឹងសណ្តាប់ធ្នាប់អន្តរជាតិ ក្រោយសង្គ្រាម និងចៀសវាងការបំផ្លាញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក Jiang Bin អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយធ្វើអត្ថាធិប្បាយលើការអនុម័តថ្មីៗនេះរបស់រដ្ឋាភិបាលជប៉ុនចំពោះការចំណាយលើការការពារជាតិកើនឡើង និងការចរចារបស់ខ្លួនជាមួយប្រទេសហ្វីលីពីនលើការនាំចេញមីស៊ីលជប៉ុន។

លោកបានរិះគន់ប្រទេសជប៉ុនចំពោះការរំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួនម្តងហើយម្តងទៀតក្រោមរដ្ឋធម្មនុញ្ញសន្តិភាពនិយម ការបង្កើនថវិកាការពារជាតិរបស់ខ្លួនយ៉ាងច្រើន ការជំរុញឱ្យមានការនាំចេញអាវុធប្រល័យលោក និងការស្វែងរកការកែប្រែគោលការណ៍មិនមែននុយក្លេអ៊ែរចំនួន៣ របស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

លោកបានលើកឡើងថា “ខណៈពេលដែលវាបានបង្កើនល្បឿននៃការបន្ធូរបន្ថយការរឹតបន្តឹងលើការអភិវឌ្ឍយោធា យោធានិយមរបស់ប្រទេសជប៉ុនត្រៀមខ្លួនរួចជាស្រេចដើម្បីវិលត្រឡប់មកវិញ”។

លោកក៏បានរិះគន់ប្រទេសជប៉ុនចំពោះកង្វះកិច្ចខិតខំប្រឹងប្រែងជាមុន ដែលបានពន្យារពេលដំណើរការបោះចោលអាវុធគីមីទាំងមូល ដែលខ្លួនបានបោះបង់ចោលនៅក្នុងប្រទេសចិនក្នុងអំឡុងពេលឈ្លានពានរបស់ខ្លួន។

លោកបានបន្ដថា ក្នុងអំឡុងពេលសង្គ្រាមឈ្លានពានប្រឆាំងនឹងប្រទេសចិន ដែលជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងច្បាស់លាស់ ពួកយោធានិយមជប៉ុនបានប្រើប្រាស់អាវុធគីមីមួយចំនួនធំ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយោធា និងជនស៊ីវិលចិនជាង ២០ម៉ឺននាក់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top