ព័ត៌មានអន្តរជាតិ

លោក Orban​ អះអាងថា អឺរ៉ុបនឹងរៀបចំផែនការបង្កើតសង្គ្រាម ជាមួយនឹងរុស្សីនៅឆ្នាំ២០៣០

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានអះអាងថា សហភាពអឺរ៉ុបកំពុងរៀបចំសង្រ្គាមជាមួយរុស្ស៊ី ហើយគ្រោងនឹងត្រៀមខ្លួនរួចរាល់ជាស្ថាពរនៅឆ្នាំ២០៣០ខាងមុខនេះ។ 

ថ្លែងនៅឯការជួបជុំប្រឆាំងសង្គ្រាមកាលពីថ្ងៃសៅរ៍ លោក Orban បាននិយាយថា អឺរ៉ុបបានកំពុងធ្វើការផ្លាស់ប្តូរឆ្ពោះទៅរកការប្រឈមមុខគ្នាផ្នែកយោធាដោយផ្ទាល់រួចហើយ។

លោកបានពណ៌នាអំពីដំណើរការបួនជំហាន ដែលជាធម្មតានាំទៅរកសង្រ្គាមដែលក្នុងនោះមានដូចជាការផ្តាច់ទំនាក់ទំនងការទូត ការដាក់ទណ្ឌកម្ម ការបញ្ចប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងចុងក្រោយការចូលរួមក្នុងជម្លោះប្រដាប់អាវុធ។ លោក​បន្ត​ថា ជំហាន​ទាំង​នេះ​ភាគ​ច្រើន​បាន​ធ្វើ​រួច​ហើយ។

លោកនាយករដ្ឋមន្ត្រីបាននិយាយថា៖មានជំហរផ្លូវការរបស់សហភាពអឺរ៉ុបដែលនៅឆ្នាំ២០៣០ វាត្រូវតែត្រៀមខ្លួនសម្រាប់សង្រ្គាមមួយដែលនឹងផ្ទុះឡើង។

លោក​ក៏​បាន​និយាយ​ដែរ​ថា បណ្តា​ប្រទេស​នៅ​អឺរ៉ុប​កំពុង​ឈាន​ទៅ​រក៖​សង្គ្រាមសេដ្ឋកិច្ចផងដែរ។ យោងតាមលោក ​​Orban រដ្ឋជាសមាជិកសហភាពអឺរ៉ុបមួយចំនួនកំពុងផ្លាស់ប្តូរវិស័យដឹកជញ្ជូន និងឧស្សាហកម្មរបស់ពួកគេរួចហើយ ដើម្បីគាំទ្រដល់ការផលិតអាវុធជាច្រើន។

គួរឲ្យដឹងដែរថាកន្លងមកប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin តែងតែបាននិយាយហើយថា ទីក្រុងមូស្គូ នឹងមិនមានគម្រោងប្រយុទ្ធជាមួយសហភាពអឺរ៉ុប ឬណាតូទេ ដោយបន្ថែមថា ខ្លួននឹងឆ្លើយតប ប្រសិនបើប្រទេសលោកខាងលិច ចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងរុស្ស៊ីមុន៕

ប្រែសម្រួល៖ស៊ុនលី

To Top