ព័ត៌មានជាតិ

លោកស្រីម៉ាលី សុជាតា ៖ ថៃឈ្លានពានកម្ពុជាជាលើកទីពីរនេះ បង្ហាញយ៉ាងច្បាស់ក្រឡែតនូវចេតនា វាតយកទឹកដីប្រទេសជិតខាង

ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ភាគីថៃមកលើកម្ពុជាជាលើកទី២នេះ នាថ្ងៃ៧-៨ធ្នូ (លើកទី១ នចុងខែកក្កដា) បានបង្ហាញយ៉ាងច្បាស់ក្រឡែតនូវចេតនារបស់ភាគីថៃ ក្នុងការឈ្លានពានវាតយកទឹកដីប្រទេសជិតខាង ។

ក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីបច្ចុប្បន្នភាពព្រំដែនកម្ពុជា-ថៃនារាត្រីថ្ងៃ៨ ធ្នូនេះ លោកស្រីលើកឡើងថា សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ភាគីថៃមកលើកម្ពុជាជាលើកទី២នេះ គឺបានបង្ហាញ យ៉ាងច្បាស់ក្រឡែតនូវចេតនារបស់ភាគីថៃ ក្នុងការ ឈ្លានពានវាតយកទឹកដីប្រទេសជិតខាង តាមរយៈការប្រើ ប្រាស់ផែនទីឯកតោភាគីរបស់ខ្លួន និងការប្រើប្រាស់កម្លាំងដើម្បីផ្លាស់ប្តូរខ្សែព្រំដែន ដែលផ្ទុយទៅនឹងច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ។
លោកស្រីចាត់ទុកទង្វើបែបនេះរបស់ថៃជាការគំរាមកំហែងដ៏ធំបំផុតទៅដល់សន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងសកលលោក។

លោកស្រីអ្នកនាំពាក្យថា ទង្វើដ៏កំរោល និងខុសច្បាប់របស់ភាគីថៃនេះ ក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតនូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងចិនធ្វើជាសាក្សី និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលជាកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់របស់ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីទាំងឡាយដែលសម្រេចបាននៅកិច្ចប្រជុំវិសាមញ្ញ និងកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)៕

To Top