ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីវេណេស៊ុយអេឡា និងតួកគី ជួបពិភាក្សាគ្នាអំពីការដាក់ពង្រាយយោធានៅតំបន់ការីប៊ីន

Afp

ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ និងសមភាគីតួកគី លោក Recep Tayyip Erdogan បានជួបជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍អំពីភូមិសាស្ត្រនយោបាយសកល និងការដាក់ពង្រាយយោធានៅតំបន់ការីប៊ីន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ប្រធានាធិបតីតួកគី «បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការគំរាមកំហែងដែលប្រទេសវេណេស៊ុយអេឡា កំពុងប្រឈមមុខនាពេលថ្មីៗនេះ ជាពិសេសការដាក់ពង្រាយយោធា និងសកម្មភាពផ្សេងៗដែលមានបំណងរំខានដល់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ការីប៊ីន»។

សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា មេដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈលើភូមិសាស្ត្រនយោបាយសកល និងការវិវត្តអន្តរជាតិចុងក្រោយបំផុតដែលប៉ះពាល់ដល់ស្ថិរភាព និងអនាគតរបស់មនុស្សជាតិ។ លោក ម៉ាឌូរ៉ូ បានឲ្យដឹងថា សមយុទ្ធនៅតំបន់ការីប៊ីនបង្កើតបានជាទង្វើឈ្លានពាន «ខុសច្បាប់ មិនសមាមាត្រ មិនចាំបាច់ និងថែមទាំងហួសហេតុទៀតផង» ដោយបន្ថែមថា ប្រទេសវេណេស៊ុយអេឡា នឹងបន្តធ្វើការដើម្បីសន្តិភាព។

ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លោក ម៉ាឌូរ៉ូ បានលើកឡើងថា ប្រទេសវេណេស៊ុយអេឡាមានឆន្ទៈក្នុងការឈានទៅមុខជាមួយទីក្រុងអង់ការ៉ា ដើម្បីសម្រេចគោលដៅពាណិជ្ជកម្មចំនួន ៣ ពាន់លានដុល្លារអាមេរិក។ យោងតាមសេចក្តីថ្លែងការណ៍នេះ ភាគីទាំងពីរក៏បានឯកភាពគ្នាលើសារៈសំខាន់នៃការស្តារឡើងវិញនូវសេវាកម្មផ្លូវអាកាសដោយផ្ទាល់រវាងទីក្រុងការ៉ាកាស និងទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីសម្រួលដល់ការធ្វើដំណើរសម្រាប់ “អ្នកទេសចរ និងវិនិយោគិនរាប់ពាន់នាក់”។

នៅចុងខែវិច្ឆិកា ក្រុមហ៊ុនអាកាសចរណ៍ទួរគីបានផ្អាកប្រតិបត្តិការរបស់ខ្លួនទៅកាន់ប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការព្រមានដែលចេញដោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក ដែលបានជំរុញឱ្យមានការ “ប្រុងប្រយ័ត្នខ្ពស់” នៅពេលហោះហើរពីលើប្រទេសវេណេស៊ុយអេឡា និងភាគខាងត្បូងនៃការីប៊ីន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top