ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យនៅក្នុងឃុំផ្ទះកណ្តាល

ខេត្តកំពង់ចាម៖ នារសៀលថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកស្រី រួមដំណើរដោយ លោកជាថ្នាក់ដឹកនាំក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានអញ្ជើញពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យនៅក្នុងឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លោករដ្ឋមន្ដ្រី និងគណៈប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យស្ថានីយ៍ផលិតទឹកស្អាតដែលបានកសាងនៅឆ្នាំ២០១០ មានទីតាំងនៅក្នុងវត្តផ្ទះកណ្ដាល, ការរៀបចំបណ្ដាញចែកចាយទឹកស្អាតប្រវែង ២ ៨០០ម៉ែត្រ សម្រាប់ប្រើប្រាស់តាមផ្ទះ ដែលកំពុងផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនចំនួន ៤ភូមិ ដែលមានអ្នកប្រើប្រាស់ជាង ១ ៣០០គ្រួសារ, ការសាងសង់បង្គន់អនាម័យចំនួន ៤១២បង្គន់ នៅតាមសាលារៀន សាលាឃុំ ប៉ុស្តិ៍រដ្ឋបាល និងតាមផ្ទះប្រជាពលរដ្ឋក្រីក្រ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ដ្រី និងគណៈប្រតិភូ បានអញ្ជើញសំណេះសំណាល ជាមួយព្រះសង្ឃ គណៈកម្មការវត្ត, លោកតាអាចារ្យ និងលោកយាយជី នៅក្នុងវត្តផ្ទះកណ្ដាល ដោយបានជម្រាបជូនអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការបន្ដវេនដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្រោមម្លប់សុខសន្ដិភាព ព្រមទាំងបានជម្រាបជូនអំពីតួនាទី ភារកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ៕

To Top