វៀតណាមរកចំណូលបានជាង ១,៥ ពាន់លានដុល្លារពីការនាំចេញម្រេចក្នុងរយៈពេល ១១ខែ ហើយសហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញដ៏ធំបំផុត
បរទេស៖ ប្រទេសវៀតណាមបាននាំចេញម្រេចប្រហែល ២២៥.០០០ តោនគិតត្រឹមចុងខែវិច្ឆិកា ដោយទទួលបានប្រាក់ចំណូលជាង ១,៥ ពាន់លានដុល្លារអាមេរិក។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា បើទោះបីជាទំហំនាំចេញបានធ្លាក់ចុះ 4.4% ធៀបនឹងឆ្នាំមុនក៏ដោយ ចំណូលបានកើនឡើង 24.4% ដោយសារតម្រូវការប្រសើរឡើង និងតម្លៃនាំចេញខ្ពស់ជាបន្តបន្ទាប់ នេះបើយោងតាមសមាគមម្រេច និងគ្រឿងទេសវៀតណាម (VPSA)។
ចាប់ពីខែមករាដល់ខែវិច្ឆិកា តម្លៃនាំចេញជាមធ្យមបានឡើងដល់ ៦.៦១៨ ដុល្លារក្នុងមួយតោនសម្រាប់ម្រេចខ្មៅ និង ៨.៦៣៦ ដុល្លារក្នុងមួយតោនសម្រាប់ម្រេចស កើនឡើង ៧៦៧ដុល្លារ និង ២.១៧៥ ដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ដែលមានចំនួន 21.7% ជាមួយនឹង ៤៨.៨៤៩ តោន បើទោះបីជាមានការធ្លាក់ចុះ 28% ក៏ដោយ។ វាត្រូវបានតាមពីក្រោយដោយប្រទេសអារ៉ាប់រួម (UAE) ដែលមាន ១៩.៩៣០ តោន, ប្រទេសចិន ១៧.៧៤៤ តោន, ប្រទេសឥណ្ឌាមាន ១១.៧៥០ តោន និងប្រទេសអាល្លឺម៉ង់ដែលមានចំនួន ១០.៨៧៦ តោន។
វៀតណាមបាននាំចេញម្រេចចំនួន ១៨.៥៨២ តោនក្នុងខែវិច្ឆិកាតែម្នាក់ឯង រួមទាំងម្រេចខ្មៅចំនួន ១៦.៣២២ តោន និងម្រេចសចំនួន ២.២៦០ តោន ដែលរកចំណូលបាន ១២១,៥ លានដុល្លារ។ បើធៀបនឹងខែតុលា ទំហំនាំចេញបានធ្លាក់ចុះ ៤,៤% ហើយតម្លៃធ្លាក់ចុះ ៦,២%។ ទោះជាយ៉ាងណាក៏ដោយ ការនាំចេញពីមួយឆ្នាំទៅមួយឆ្នាំនៅតែបង្ហាញកំណើនរឹងមាំ 16.5% នៅក្នុងបរិមាណ និង 14.2% នៅក្នុងតម្លៃ៕
ប្រែសម្រួលៈ ណៃ តុលា
