ព័ត៌មានជាតិ

សមាគមមិត្តយើងចុះ MOU ជាមួយក្រុមហ៊ុនដៃគូថ្មីចំនួន ៧ ដើម្បីពង្រឹងការអភិវឌ្ឍ ធនធានមនុស្សនៅកម្ពុជា

ភ្នំពេញ ៖ សមាគមមិត្តយើង បានចុះអនុស្សរណៈ (MOU) យោគយល់គ្នាជាមួយក្រុមហ៊ុនដៃគូថ្មីចំនួន ៧ បន្ថែមពីលើដៃគូដែលមានស្រាប់ចំនួន ២០ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលថ្មី ក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល បន្ថែមជំនាញ និងស្វែងរកការជួយគាំទ្របន្ថែម ក្នុងការអភិវឌ្ឍធនធានមនុស្សដល់សមាជិកនៃសមាគម។

ឆ្លៀតក្នុងឱកាសនោះផងដែរ សមាគមក៏បានរៀបចំការជួបជុំ បណ្តាញមិត្តយើងប្រចាំឆ្នាំ ដោយមានការចូលរួមពីសំណាក់សមាជិក និងដៃគូសរុបចំនួនប្រមាណ ២៥០នាក់ ដើម្បីរឹតបន្តឹងសាមគ្គីភាព ពង្រីកបណ្ដាញទំនាក់ ទំនងថ្មី ចូលរួមចែករំលែកចំណេះដឹង ជជែកពិភាក្សាពីឱកាសក្នុង ការផ្ដល់ការបណ្តុះបណ្តាលសមត្ថភាព និងគ្រោងបង្កើតកម្មវិធីថ្មីៗជាបន្តបន្ទាប់ទៀតនៅក្នុងឆ្នាំ២០២៦ខាងមុខនេះ ។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលនៃការបង្កើតសមាគមមិត្តយើងជិត ៥ឆ្នាំមកនេះ សមាគមបានធ្វើសកម្មភាពជាច្រើន ដូចជា សិក្ខាសាលា វគ្គបណ្តុះបណ្តាល កម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើង កម្មវិធីជិះដើម្បីមិត្តយើង ការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រុមហ៊ុន វិទ្យាស្ថាន សមាគម និងស្ថាប័នផ្សេងៗ ក្នុងគោលបំណងផ្ដល់ជំនួយដល់ជនខ្វះខាត ផ្តល់ការអភិវឌ្ឍជំនាញ និងសមត្ថភាពតាមតម្រូវការជាក់ស្ដែងក្នុងសង្គម ព្រមទាំងផ្ដល់ការគាំទ្រគ្នាទៅវិញទៅមក រវាងសមាជិក និងដៃគូ៕

To Top