បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី បានប្រកាសនៅពេលថ្មីៗនេះ ថា ខ្លួននឹងបញ្ជូនក្រុមការងារ ឲ្យទៅប្រយុទ្ធប្រឆាំងការផ្ទុះឆ្លង រាតត្បាតនៃមេរោគកូរ៉ូណា នៅក្នុងតំបន់ Krasnoyarsk លើទឹកដីស៊ីបេរី នេះបើតាមការផ្សាយរបស់កាសែត UPI។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា បទបញ្ជាឲ្យយោធារុស្ស៊ីចូលរួមជាមួយនេះ គឺចេញពីប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅក្នុងអំឡុងប្រជុំតាមវីដេអូខលមួយ ជាមួយថ្នាក់ដឹកនាំតំបន់ ៨៥នាក់ ដោយលោកនិយាយថា ការសម្រេចចិត្តលើវិធានការ បម្រាមគោចរនិងការដក ការរឹតបន្តឹងជាបន្តបន្ទាប់ នឹងត្រូវបានធ្វើឡើង ដោយថ្នាក់ដឹកនាំតំបន់ និងមិនមែនដោយរដ្ឋាភិបាល សហព័ន្ធនោះទេ។
គួរបញ្ជាក់ថា ក្រុមការងារយោធា ដែលមានបុគ្គលិការងារ ២០០នាក់ បុគ្គលិកពេទ្យ ៧៧នាក់ និងឧបករណ៍ផ្នែកបច្ចេកទេសចំនួន ១០០ នឹងត្រូវបានបញ្ជូនតាមតំបន់ Krasnoyarsk ហើយក៏នឹងបង្កើតមន្ទីរពេទ្យបណ្ដោះអាសន្ន មានគ្រែចំនួន ១.០០០ ៕
ប្រែសម្រួល៖ ប៉ាង កុង