ព័ត៌មានជាតិ

អូស្ត្រាលី គាំទ្រកម្ពុជា ដាក់ឲ្យដំណើរការថ្នាលព័ត៌មាន កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ជាលើកដំបូង

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម និងរដ្ឋាភិបាលអូស្ត្រាលី បានរួមគ្នាប្រកាសដាក់ឲ្យប្រើប្រាស់ ថ្នាលព័ត៌មានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) ដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃនេះ ក្នុងរាជធានីភ្នំពេញ ។ ថ្នាលព័ត៌មានអនឡាញ ដែលមានពីរភាសានេះ ត្រូវបានបង្កើតឡើង ដើម្បីជួយដល់អ្នកធុរកិច្ចកម្ពុជា និងអ្នកធុរកិច្ចអន្តរជាតិ មានភាពងាយស្រួលក្នុងការស្វែងរកព័ត៌មាន និងប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំង១១ របស់កម្ពុជា កាន់តែមានប្រសិទ្ធភាព ។

ដោយយកគំរូពីថ្នាលព័ត៌មាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី របស់អូស្ត្រាលី ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ផ្តល់ព័ត៌មានពេញលេញ អំពីអត្រាពន្ធ នីតិវិធីចុះឈ្មោះសម្រាប់អ្នកនាំចេញលើកដំបូង លក្ខខណ្ឌតម្រូវនៃផលិតផល និងវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើម។ ថ្នាលព័ត៌មាននេះ មានគោលបំណងជួយឱ្យធុរកិច្ច រួមមានសហគ្រាសធុនតូច និងមធ្យម អាចធ្វើការសម្រេចចិត្តដោយផ្អែកលើព័ត៌មាន ក្នុងការធ្វើពាណិជ្ជកម្មបានល្អប្រសើរ និងប្រើប្រាស់យ៉ាងពេញលេញនូវកិច្ចព្រមព្រៀងទ្វេភាគី ក្នុងតំបន់ និងពហុភាគីរបស់កម្ពុជា ។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ «វេទិកានេះ រួមចំណែកយ៉ាងសំខាន់ក្នុងការជំនះនូវឧបសគ្គ និងជួយសម្របសម្រួល ពាណិជ្ជកម្មរវាង កម្ពុជា និងប្រទេសជាដៃគូរបស់ខ្លួន ព្រមទាំងជួយជំរុញសេដ្ឋកិច្ចជាតិទាំងមូល។ លើសពីនេះទៅទៀត ការដាក់ឲ្យប្រើប្រាស់ នូវថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នេះប្រព្រឹត្តទៅចំពេលដ៏ល្អ ស្របពេលដែលកម្ពុជា រួមជាមួយរដ្ឋដែល ជាសមាជិកអាស៊ាន និងដៃគូពាណិជ្ជកម្មរបស់អាស៊ាន បន្តការធ្វើសមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅ តាមរយៈការបន្តកិច្ចចរចារ ដើម្បីធ្វើឲ្យប្រសើរឡើងនូវកម្រឹតនៃកិច្ចព្រមព្រាងពាណិជ្ជកម្មសេរី»។

យោងតាម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបានរក្សានូវកំណើនយ៉ាងខ្លាំងរបស់ខ្លួនក្នុងឆ្នាំ២០២៥ ដោយសម្រេចបានក្នុងទឹកប្រាក់ចំនួន ៥៩,១៣ ពាន់លានដុល្លាសហរដ្ឋអាមេរិក ក្នុងរយៈពេល ១១ខែដំបូង គឺបានកើនឡើងចំនួន ១៧,០១ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។

លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ «ខណៈពេលដែលកម្ពុជា ត្រៀមខ្លួនចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច ការទាញយកអត្ថប្រយោជន៍ អតិបរិមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺកាន់តែមានសារៈសំខាន់ក្នុងការបន្តកំណើន សេដ្ឋកិច្ច ។ ថ្នាលព័ត៌មាននេះ នឹងជួយក្រុមហ៊ុនកម្ពុជា ក្នុងការស្វែងយល់ និងធ្វើការប្រៀបធៀបអត្រាពន្ធ ព្រមទាំងការតាំងចិត្តលើ គ្រប់កិច្ចព្រមព្រៀង ពាណិជ្ជកម្មកម្ពុជា ផ្សេងៗទៀត ក៏ដូចជាការនាំចេញផលិតផលរបស់ពួកគេប្រកបដោយភាពប្រកួតប្រជែងទៅកាន់ទីផ្សារអន្តរជាតិ។ ថ្នាលព័ត៌មាននេះ ក៏នឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិផងដែរ»។

ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវបានបង្កើតឡើងរួមគ្នា តាមរយៈកិច្ចពិគ្រោះយោបល់ និងការសាកល្បងប្រើប្រាស់ ដែលមានការចូលរួម ពីក្រសួងពាក់ព័ន្ធ សមាគមធុរកិច្ច និងតំណាងវិស័យឯកជន ។ ថ្នាលព័ត៌មាននេះ ត្រូវបានបង្កើតឡើងក្រោមជំនួយបច្ចេកទេសពីអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់។

ពិធីសម្ពោធដាក់ឲ្យប្រើបាស់នេះ បានប្រព្រឹត្តធ្វើឡើងនៅក្រសួងពាណិជ្ជកម្ម ដោយមានអ្នកចូលរួមជាង ២០០នាក់ រួមមានតំណាងពីវិស័យឯកជន មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនប្រឹក្សាឯកជន។

ដើម្បីចូលទៅមើលថ្នាលព័ត៌មាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺតាមរយៈគេហទំព័រក្រសួងពាណិជ្ជកម្ម។ ថ្នាលព័ត៌មាននេះ នឹងត្រូវបានធ្វើបច្ចុប្បន្នភាព បន្ថែមជាមួយកិច្ចព្រមព្រៀងថ្មីៗទៀតនាពេលអនាគត ដើម្បីជួយឱ្យអ្នកនាំចេញអាចឈានជើងចូលទីផ្សារថ្មី និងយល់ពីលក្ខខណ្ឌតម្រូវ នៃកិច្ចព្រមព្រៀងនីមួយៗ។

អ្នកប្រើប្រាស់អាចចូលទៅកាន់ថ្នាលព័ត៌មាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតាមរយៈលីងខាងក្រោម៖ https://ftaportal.moc.gov.kh/en/ ។
សម្រាប់ការសាកសួរព័ត៌មានបន្ថែម៖ Media.Cambodia@dfat.gov.au
ទំនាក់ទំនងមកកាន់ក្រសួងពាណិជ្ជកម្ម៖ 1266
អ៊ីម៉ែល៖ Cabinet.info@moc.gov.kh

To Top