ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានទទួលជួបសំណេះសំណាលជាមួយ លោកវរសេនីឯក ជូស៊ែល ជេ ហ្សូនីហ្គា (JOSELJ ZUNIGA ) អនុព័ន្ធយោធាហ្វីលីពីន ដែលទើបបញ្ចប់អាណត្តិ បេសកកម្មការទូតនៅកម្ពុជា ដើម្បីបានចូលជួបសម្តែង ការគួរសម និង ជម្រាបលា នៅបញ្ជាការដ្ឋាន កងពលតូចលេខ៧០។
ជំនួបពិភាក្សាការងារ ប្រកបដោយភាពស្និតស្នាលនេះ ធ្វើឡើងដើម្បីបង្ហាញ ពីទំនាក់ទំនងល្អ នូវកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន និយាយជារួម និងបង្កើនចំណង សាមគ្គីភាព ជាមួយកងពលតូចលេខ៧០។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានជម្រាបជូនប្រតិភូថា កម្ពុជាមានសន្តិភាព មានការអភិវឌ្ឍន៍ ក្នុងកងយោធពលខេមរភូមិន្ទ ក៏មានការរីកចម្រើន ជាលំដាប់ទាំងសម្ភារៈប្រើប្រាស់ និងមានជំនាញច្បាស់លាស់ ។
ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក បានចូលរួមមរណទុក្ខ និងសោកស្ដាយបំផុត ចំពោះការបាត់បង់អាយុជីវិត របស់ប្រជាជនហ្វីលីពីន ដោយសារការរាតត្បាតជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន និងមួយផ្នែកដោយសារ ជួបគ្រោះធម្មជាតិខ្យល់ព្យុះ នៅលើកោះ៕