ព័ត៌មានជាតិ

ក្រសួងសាធារណការ នឹងអាចលុបចោលក្រុមហ៊ុន ហាន់ស៊ីងរបស់កូរ៉េ ដែលសាងសង់ ផ្លូវជាតិលេខ២ ក្រោយគ្មានគ្រឿងចក្រមកធ្វើការ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងជញ្ជូន បានប្រកាសទុក ពេលឲ្យ១ខែ ដើម្បីឲ្យក្រុមហ៊ុន ហាន់សុីង(HanShin) របស់កូរ៉េដែលទទួល សាងសង់ផ្លូវជាតិលេខ២ធ្វើតាមកិច្ចសន្យាដោយ មានលក្ខណៈបច្ចេកទេសត្រឹមត្រូវក្នុងការសាងសង់ បើមិនដូច្នេះទេ ក្រសួងនឹងលុបចោល ហើយជ្រើសរើស ក្រុមហ៊ុនថ្មីមកជំនួស។

ក្នុងឱកាស ចុះត្រួតពិនិត្យវឌ្ឍនភាព ការសាងសង់ផ្លូវជាតិ លេខ៣ ចាប់ពីរង្វង់មូលចោមចៅ ដល់ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានរំលឹកថា នាពេល កន្លងមក ក្រុមការងារ ក្រសួង ធនាគារកូរ៉េ ស្ថានទូត បានចុះត្រួតពិនិត្យផ្លូវជាតិលេខ២ តែគ្មានគ្រឿងចក្រមក ឈូសឆាយសាងសង់ផ្លូវឡើយ។

លោកបន្ដថា ក្រោយមកទៀត ក្រសួងសាធារណការ ក៏បានធ្វើលិខិតព្រមានក្រុមហ៊ុនសាងសង់ផ្លូវរបស់កូរ៉េ ធ្វើទៅតាមលក្ខណៈបច្ចេកទេស និងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយគ្នា ដូចជា ៖ យកគ្រឿងចក្រឲ្យបានគ្រប់គ្រាន់ និងធ្វើទៅតាម លក្ខណៈបច្ចេកទេស។

លោកមានប្រសាសន៍ថា «ចឹងខ្ញុំបានធ្វើលិខិតព្រមានហើយ ចម្លងទៅក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ខ្ញុំបានចម្លងជូនស្ថានទូតកូរ៉េ ។ ខ្ញុំបានចម្លងជូនធនាគារកូរ៉េ ដែលឲ្យយើងខ្ជីលុយមកសាងសង់ផ្លូវជាតិលេខ២នេះ»។

លោកបន្ដថា មានប្រជាពលរដ្ឋជាច្រើនមានការងើយឆ្ងលថា «ហេតុអ្វីផ្លូវជាតិលេខ២ បើកការដ្ឋានហើយ គ្មានគ្រឿងចក្រធ្វើការ»។ដូច្នេះ ក្រុមហ៊ុនសាងសង់ផ្លូវ លេខ២ ត្រូវពន្លឿនការងារបន្ថែមទៀត ហើយយកគ្រឿងចក្រមកគ្រប់គ្រាន់ ដើម្បីសាងសង់ផ្លូវតាម លក្ខណៈបច្ចេកទេស ជាពិសេស ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋធ្វើដំណើរ មានសុវត្ថិភាព និងងាយស្រួល ដឹកកសិផល។

លោកបន្ថែមថា ក្រសួងមិនអនុញ្ញាតឲ្យបើកការដ្ឋាន ទុកចោលទេ ដោយគ្មានគ្រឿងចក្រ និងសម្ភារ ជាដើមឡើយ ។លោកថា កុំឲ្យប្រជាពលរដ្ឋមួយចំនួនលើកឡើងថា «ធ្វើមុខខូចក្រោយ ធ្វើក្រោយខូច មុខ»។

លោក ស៊ុន ចាន់ថុល បានថ្លែងថា «ចឹងយើងហៅក្រុមហ៊ុន ត្រួតពិនិត្យលក្ខណៈបច្ចេកទេស មកពិភាក្សាគ្នាឲ្យច្បាស់ គឺឲ្យពេលមួយខែ ដោះស្រាយបញ្ហាឲ្យបាន បើដោះស្រាយមិនបាន យើងអាចឈានទៅដល់ការលុបចោល កុងត្រាងហ្នឹង ហើយជ្រើសរើសក្រុមហ៊ុនថ្មី»។

លោកបញ្ជាក់ថា ក្រោយពេលក្រសួងដាក់លិខិតរួច ក្រុមហ៊ុនសាងសង់ បានធ្វើលិខិតមកក្រសួងវិញថា ក្រុមហ៊ុននឹងខិតិខំប្រឹងប្រែងបន្ថែមទៀត ដោយធ្វើតាមកិច្ចសន្យា។ ក្រុមហ៊ុនបកស្រាយថា ដោយសារបញ្ហា កូវីដ-១៩ ទើបគ្មានគ្រឿងចក្រមកសាងសង់ផ្លូវ ជាតិ លេខ២ ដោយគ្រឿងចក្រទាំងនោះជាប់នៅវៀតណាម។

សូមរំលឹកថា ផ្លូវជាតិលេខ២ – លេខ២២ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជាដែលគ្រោងចំណាយជាង៥៦ លាន ដុល្លារ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ហាន់សុីង(HanShin)ដែលម៉ៅការសាងសង់ ផ្លូវជាតិ លេខ៥ មិនត្រឹមតែធ្វើផ្លូវគ្មានគុណភាព និងស្តង់ដារ បច្ចេកទេសនោះទេ ប៉ុន្តែថែមទាំងបានបំផើម គម្រោងផ្លូវជាតិលេខ៥ របស់ចៃកា ប្រវែងជាង៥០គីឡូម៉ែត្រ ចាប់ពីឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដល់ស្រុកក្រគរ ខេត្តពោធិ៍សាត់៕

ដោយ ៖ អេង ប៊ូឆេង

To Top