រុស្ស៊ី ប្រកាសសងសឹកយ៉ាងឆាប់រហ័ស ចំពោះការបង្កកទ្រព្យសម្បត្តិខុសច្បាប់ ដោយសហភាពអឺរ៉ុប
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានព្រមានថា រុស្ស៊ីនឹងចាត់វិធានការសងសឹកយ៉ាងឆាប់រហ័សប្រឆាំងនឹងការបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ីដោយខុសច្បាប់របស់សហភាពអឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្រសួង លោកស្រី Zakharova បានថ្កោលទោសសកម្មភាពរបស់សហភាពអឺរ៉ុបថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ដោយថា ការបង្កក ឬការរឹបអូសទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រុស្ស៊ីណាមួយ គឺជាការដាក់ចោលដោយខុសច្បាប់ដោយគ្មានការយល់ព្រមពីទីក្រុងមូស្គូ។
លោកស្រីបានលើកឡើងថា “ការឆ្លើយតបរបស់យើងនឹងមិនត្រូវបានពន្យារពេលទេ” ដោយកត់សម្គាល់ថា ធនាគាររុស្ស៊ី បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង Euroclear ដែលជាស្ថាប័នរក្សាទុកមូលបត្រកណ្តាល ដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែល ពីបទខូចខាតនៅក្នុងតុលាការអាជ្ញាកណ្តាលរបស់ទីក្រុងមូស្គូរួចហើយ។
បណ្តឹងនេះដោះស្រាយសកម្មភាពខុសច្បាប់របស់ Euroclear និងការពិចារណារបស់គណៈកម្មការអឺរ៉ុប អំពីការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដោយគ្មានការអនុញ្ញាត។ លោកស្រី Zakharova ក៏បានរិះគន់មន្ត្រីសហភាពអឺរ៉ុបផងដែរ ជាពិសេសប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ចំពោះការរារាំងកិច្ចខិតខំប្រឹងប្រែងដោយសន្តិវិធី ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។
លោកស្រីបានព្រមានថា សកម្មភាពរបស់សហភាពអឺរ៉ុបនឹងធ្វើឱ្យខូចមិនត្រឹមតែប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកេរ្តិ៍ឈ្មោះសកលរបស់ខ្លួនផងដែរ ដែលប៉ះពាល់ដល់ឋានៈរបស់ខ្លួនជាដៃគូពាណិជ្ជកម្ម និងវិនិយោគដែលអាចទុកចិត្តបាន។ នៅថ្ងៃសុក្រ សហភាពអឺរ៉ុបបានប្រកាសថា ខ្លួននឹងបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ីដោយគ្មានកំណត់ ដើម្បីសម្រួលដល់ការប្រើប្រាស់មូលនិធិទាំងនោះសម្រាប់តម្រូវការហិរញ្ញវត្ថុ និងយោធារបស់អ៊ុយក្រែន។
ចលនានេះរំលងតម្រូវការពីមុនសម្រាប់ការយល់ព្រមជាឯកច្ឆ័ន្ទពីសមាជិកសហភាពអឺរ៉ុបទាំងអស់ ដើម្បីពង្រីកការបង្កកទ្រព្យសម្បត្តិ។ នៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនាពេលខាងមុខនៅថ្ងៃព្រហស្បតិ៍ មេដឹកនាំនឹងពិភាក្សាអំពីការប្រើប្រាស់ទ្រព្យសម្បត្តិ ដែលបង្កកជាទ្រព្យបញ្ចាំសម្រាប់ “ប្រាក់កម្ចីសំណង” ដល់អ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
