ព័ត៌មានជាតិ

ក្រសួងការងារ សន្យាទូទាត់សំណង ជូនអតីតកម្មករ និយោជិត នៃសណ្ឋាគារ ដឹហ្ក្រេតឌ្យូកភ្នំពេញ

ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសន្យាថា ក្រសួងនឹងទូទាត់សំណង ជូនដល់អតីតបុគ្គលិក និយោជិត ធ្វើការនៅសណ្ឋាគារដឹហ្ក្រេត ឌ្យូកភ្នំពេញ អតីតសណ្ឋាគារ អាំងទែកង់ ទីណង់តាល់ ឲ្យបានសមស្រប តាមដែលអាចធ្វើទៅបាន ក្រោយសណ្ឋាគារនេះ បិទទ្វារឈប់ធ្វើអាជីវកម្ម ហើយមិនព្រម ទូទាត់សំណងដល់បុគ្គលិក។

ថ្លែងប្រាប់អតីតបុគ្គលិក កម្មករ និយោជិត នៃសណ្ឋាគារដឹហ្ក្រេត ឌ្យូកភ្នំពេញ និងអ្នកសារព័ត៌មាន នៅថ្ងៃទី២១ខែឧសភា ឆ្នាំ២០២០លោកហេង សួរ បញ្ជាក់ថា “ក្រសួងនឹងខិតខំរកថវិកា ធ្វើម៉េចដើម្បីដោះស្រាយ ជូនបងប្អូនយើងមុន ហើយយើង ធ្វើការជាមួយម្ចាស់សណ្ឋាគារ តាមក្រោយ គ្រាន់ថា បើខ្ញុំនិយាយជាមួយលោកទូច កុសល តែពីរនាក់ បងប្អូនមិនជឿ ឥឡូវនិយាយប្រាប់ បងប្អូនទាំងអស់គ្នាតែម្ដងទៅ។ ខ្ញុំបានប្រាប់លោកទូច កុសល ហើយ ហើយអ្វីដែលយើងត្រូវធ្វើបន្តទៀត គឺពេលរសៀលនេះ ពិនិត្យមើលបញ្ជីឈ្មោះទាំងអស់គ្នា ហើយរយៈពេលវេលា យើងនឹងព្យាយាមដោះស្រាយធ្វើម៉េច ទូទាត់ជូនបងប្អូន នៅក្នុងសប្ដាហ៍ក្រោយ”។

ទាក់ទិនករណីនេះ លោកហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានសម្ដែងនូវការអបអរសាទរ លើចំណាត់ការ របស់ក្រសួងការងារ បណ្ដុះបណ្ដាលនិងវិជ្ជាជីវៈ ដែលបានចាត់ចែង និងផ្ដល់ប្រាក់បរេប្បទាន ដើម្បីទូទាត់សំណងដល់ បុគ្គលិកកម្មករនយោជិត ធ្វើការសណ្ឋាគារ ដឺហ្ក្រេត ឌ្យូកភ្នំពេញ អតីតសណ្ឋាគារ អាំងទែកង់ទីណង់ តាលភ្នំពេញ នៅក្នុងសប្ដាហ៍ខាងមុខនេះផងដែរ។

សូមរំលឹកថា សណ្ឋាគារ ដឹហ្ក្រេត ឌ្យូកភ្នំពេញ អតីតសណ្ឋាគារ អាំងទែកង់ទីណង់ តាល់ភ្នំពេញ បានបិទទ្វារឈប់ធ្វើអាជីវកម្ម ហើយមិនព្រមទូទាត់សំណងដល់ បុគ្គលិកកម្មករ និយោជិតអស់ជាច្រើនខែមកហើយ ដែលធ្វើឲ្យបុគ្គលិក ធ្វើកូដកម្មជាបន្តបន្ទាប់ ទើបមានដំណោះស្រាយ ពិតប្រាកដនៅថ្ងៃនេះ៕ដោយ៖ធី លីថូ

To Top