មេបក្សប្រឆាំងបង់ក្លាដេស អាចវិលត្រឡប់ចូលប្រទេសវិញ ក្រោយនិរទេសខ្លួនអស់រយៈពេល១៧ឆ្នាំ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Tarique Rahman ដែលជាប្រធានស្តីទីនៃគណបក្សជាតិនិយមបង់ក្លាដែស ឬBNP ដែលជាបក្សប្រឆាំងក្នុងអំឡុងពេលការគ្រប់គ្រងរបស់អតីតនាយករដ្ឋមន្ត្រី Sheikh Hasina បានវិលត្រឡប់មកទីក្រុង Dhaka បន្ទាប់ពីជិត១៧ឆ្នាំ។
លោកRahman បានចុះចតនៅក្នុងរដ្ឋធានីនៃប្រទេសបង់ក្លាដែសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយត្រូវបានស្វាគមន៍ដោយហ្វូងមនុស្សយ៉ាងច្រើន ជាមួយនឹងសន្តិសុខត្រូវបានរឹតបន្តឹងដល់កម្រិតដែលមិនធ្លាប់មានពីមុនមក ចំពេលមានអំពើហិង្សា និងគ្មានច្បាប់នៅក្នុងប្រទេស។
ថ្លែងពីឆាក លោក Rahman វ័យ ៦១ឆ្នាំ បានអំពាវនាវឱ្យមានសាមគ្គីភាពក្នុងចំណោមសហគមន៍ និងកម្លាំងនយោបាយផ្សេងៗ ហើយបានសង្កត់ធ្ងន់លើគោលដៅនៃការបង្កើតប្រទេសបង់ក្លាដែសដែលមានសុវត្ថិភាព។
រំលឹកដែរថាឪពុកម្តាយរបស់គាត់ទាំងពីរធ្លាប់កាន់តួនាទីរដ្ឋាភិបាលកំពូល។ ម្តាយរបស់គាត់ អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស Khaleda Zia បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង Dhaka។
ឪពុកគឺលោក Ziaur Rahman ដែលជាប្រធានាធិបតីទី៦នៃប្រទេសបង់ក្លាដែស ត្រូវបានគេធ្វើឃាតដោយសមាជិកនៃកងទ័ពរបស់ប្រទេសនៅថ្ងៃទី៣០ខែឧសភា ឆ្នាំ១៩៨១។
គួរឲ្យដឹងដែរថាលោកRahman បានភៀសខ្លួនចេញពីស្រុកកំណើតរបស់គាត់ក្នុងឆ្នាំ២០០៨ ដោយសារអ្វីដែលគាត់ហៅថាការធ្វើទុក្ខបុកម្នេញដោយហេតុផលនយោបាយ ហើយបានស្នាក់នៅក្នុងទីក្រុងឡុងដ៍រហូតមក៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
