ព័ត៌មានជាតិ

លោក ហួត ហាក់៖ ក្នុងពេលប្រទេសជាតិ កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ត្រូវតែបន្តនិរន្តភាពការងារ តាមវិស័យរៀងខ្លួន

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា នៅក្នុងពេលដែលប្រទេសជាតិ កំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ដែលកំពុងធ្វើសមរភូមិយោធា, សមរភូមិការទូត, សមរភូមិផ្លូវច្បាប់, និងសមរភូមិព័ត៌មានយ៉ាងស្វិតស្វាញ យើងត្រូវតែបន្តនិរន្តភាពការងារ តាមវិស័យរៀងខ្លួន គឺដើម្បីគាំទ្ររាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហា ។

ការលើកឡើងរបស់ លោក ហួត ហាក់ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលបានជ្រើសរើស ក្នុងចំណោមក្មួយៗជាយុវជនដដៃទៀត (ឆ្លងកាត់វិញ្ញាសារតេស្តសំណេរ, ផ្ទាល់មាត់ និងឆ្លងកាត់ការហាត់ការងារ) ដើម្បីទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន រយៈពេល៣៤ថ្ងៃ (ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦) ដោយចាប់ផ្តើមនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមរយៈកប៉ាល់ឈ្មោះ Nippon Maru ទៅកាន់ប្រទេសសឹង្ហបុរី។

ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ​ ចំពោះវត្តមានរបស់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាទាំងអស់ និងបានកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលសម្រេចបាននូវស្នាដៃ និងសមិទ្ធផលនាពេលកន្លងមក។

លោករដ្ឋមន្រ្តី ក៏បានជម្រាបបន្តថា ការជួបជុំគ្នានេះ នៅក្នុងពេលដែលប្រទេសជាតិរបស់យើង កំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ដែលកំពុងធ្វើសមរភូមិយោធា, សមរភូមិការទូត, សមរភូមិផ្លូវច្បាប់, និងសមរភូមិព័ត៌មានយ៉ាងស្វិតស្វាញ ដោយមួយផ្នែកគឺគាំទ្ររាជរដ្ឋាភិបាល, និងមួយផ្នែកទៀត គឺដើម្បីបន្តនិរន្តភាពការងារតាមវិស័យដែលជាសមត្ថកិច្ចរបស់យើង។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់ប្អូន និងក្មួយៗត្រូវថែរក្សាសុខភាព ដោយត្រូវអនុវត្តតាមការណែនាំអំពីសុខភាព និងសុវត្ថិភាពរបស់គណៈគ្រប់គ្រង ជាពិសេសត្រូវមានសីលធម៌ និងគោរពវិន័យ។ លោករដ្ឋមន្រ្តី ក៏បានគូសរំលេចជូនថា ក្មួយៗទាំងអស់គ្នា គឺជាទូតសុឆន្ទៈ របស់វិស័យទេសចរណ៍កម្ពុជា និងតំណាងឱ្យនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដោយក្មួយៗ ត្រូវធើ្វការផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍របស់យើង និងការចែករំលែកវប្បធម៌ ប្រពៃណីខ្មែរដល់សមាជិកចូលរួមពីប្រទេដដទៃទៀត និងត្រូវបង្កើតមិត្តភាពជាមួយប្រតិភូ នាវាយុវជនអាស៊ីអាគ្នេយ៍ មកពីប្រទេសដទៃទៀត និងត្រូវកត់ចំណាំ និងចែករំលែកបទពិសោធដល់មិត្តរបស់យើង ដែលមិនបានទៅចូលរួម។ ជាពិសេសក្មួយៗ សូមជួយផ្សព្វផ្សាយព័ត៌មានវិជ្ជមាន, សក្តានុពលទេសចរណ៍កម្ពុជា និងត្រូវឆ្លើយតប ករណីព័ត៌មាននិយាយខុសពីការពិត អំពីប្រទេសកម្ពុជាផងដែរ៕
ដោយ៖​ ដារាត់| ដើមអម្ពិល


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top