ភ្នំពេញ៖ ប៉ាក់ម៉ៃ ជាដំរីមួយក្បាលក្នុងចំណោម ដំរី៤ក្បាល ដែលកំពុងស្ថិតនៅក្នុង ការគាំពារថែរក្សា និងអភិរក្សដោយគម្រោង មូលនិធិរបស់សមាគមអៃរ៉ាវត្តា ក្នុងខេត្តរតនគិរី បានបាត់បង់ជីវិតហើយ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។
ការបាត់បង់ជីវិត របស់សត្វដំរីនេះ បានធ្វើឲ្យមានការ សោកស្តាយ ពីក្រសួងបរិស្ថានផងដែរ។
បើតាមក្រសួងបរិស្ថាន ការបាត់បង់សត្វដំរីប៉ាក់ម៉ៃ គឺជាការបាត់បង់សត្វដំរី ជាប្រភេទសត្វកម្រ នៅកម្ពុជា។
នៅកម្ពុជា ដំរី អាស៊ី មានចំនួន ប្រមាណ ពី ៤០០ ទៅ៦០០ក្បាល ដែល ភាគ ច្រើនរស់ នៅក្នុង តំបន់ ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ ខ្ពង់ រាប ភាគ ខាង កើតក្នុងខេត្តមណ្ឌលគីរី ដែលជាតំបន់ជីវៈ ចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាល អំណោយផល ដល់ការរស់នៅ របស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត ។
ដំរីអាស៊ីកំពុង រងការគំរាមកំហែងធ្ងន់ ធ្ងរ នៅ ទូ ទាំង ដែន ជម្រក របស់ វា ក្នុង សកល លោក ហើយត្រូវបានចាត់ បញ្ចូល ជាប្រភេទ ជិត ផុតពូជនៅក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្ដរជាតិដើម្បី ការអភិរក្ស ធម្មជាតិ (IUCN) ៕