Covid-19

Update: ក្រសួងសុខាភិបាល៖ គិតត្រឹមថ្ងៃទី២៤ ឧសភា កម្ពុជា មិនទាន់មាន អ្នកឆ្លង​ វីរុសកូវីដ១៩ ថ្មីទៀតទេ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងថា នៅប្រទេស កម្ពុជា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ មិនមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីឡើយក្រោយពីក្រសួងបានធ្វើចត្តាឡីស័ក អ្នកនៅជិតដិតស្ដ្រីជនជាតិខ្មែរ អាយុ៣៩ឆ្នាំ មកពីអាមេរិក ដែលបានរកឃើញឆ្លងជំងឺ កូវីដ-១៩។

លោក ឱ វណ្ណឌីន បានលើកឡើង​ នៅគ្រុបតេឡេក្រាម អ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ថា «គិតត្រូវម៉ោង៧ព្រឹកថ្ងៃទី២៤ ឧសភា នេះ លទ្ធផលដែលទទួលបាន ពីវិទ្យាស្ថានប៉ាស័្ទរកម្ពុជា នៅម៉ោង២២ នៃថ្ងៃទី២៣ ឧសភា បានបង្ហាញថា មិនមានករណីវិជ្ជមាន កូវីដ-១៩ថ្មីនោះទេ រួមទាំងសំណាកវិត្ថុវិភាគស្វាមី របស់ស្ដ្រីជនជាតិខ្មែរ ដែលបានវិលត្រ ឡប់មកពីសហរដ្ឋអាមេរិក ដែលមានវិជ្ជមាន វិរុស កូវីដ-១៩ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត»។

លោកស្រី រៀបរាប់ថា ក្រោយពីមានករណី ស្ដ្រីជនជាតិខ្មែរ អាយុ៣៩ឆ្នាំ ដែលមកពីសហរដ្ឋ អាមេរិក បានរកឃើញវិជ្ជមានវិរុសកូវីដ-១៩ កាលពីថ្ងៃទី២២ ឧសភា ភ្លាមៗនោះ ក្រសួងសុខាភិបាលកម្ពុជា ដោយមានកិច្ចសហការ យ៉ាងជិតស្និទ្ធជាមួយ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងអាមេរិក ព្រមទាំង អ្នកពាក់ព័ន្ធជាច្រើនទៀត បានធ្វើការស្រាវជ្រាវរុក រកដោយយកចិត្តទុកដាក់ជាទីបំផុត ដើម្បីរកអ្នកប៉ះពាល់ ជាមួយនឹងស្ដ្រីជនជាតិខ្មែរ ដែលធ្វើដំណើរមកពីអាមេរិក។

ជាងនេះទៅទៀត ក្រសួងសុខាភិបាល បានធ្វើការបន្ដអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ និងបុគ្គលគ្រប់រួប ចូលរួមអនុវត្តន៍វិធានការការពារ ការចម្លងជំងឺកូវីដ-១៩ នេះ ហើយត្រូវ មានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយសុំកុំសន្ដិភាព និយមជាមួយវីរុសនេះ និងត្រូវចង់ចាំថា «យើងងាយភ្លេចពីវីរុសកូវីដ-១៩ តែវីរុសកូវីដ-១៩ មិនងាយភ្លេចយើង» នោះឡើយ ហើយ «ការចម្លងវិរុសកូវីដ-១៩ នេះ គឺអាចកើតមានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង»។

សូមរំលឹកថា មកដល់ពេលនេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ១២៤នាក់។ ក្នុងនោះ១២២នាក់ ព្យាបាលជាសះស្បើយ និងអ្នកកើតថ្មី២នាក់ កំពុងទទួលការព្យាបាល ពីក្រុមគ្រូពេទ្យ៕ ដោយ ៖ អេង ប៊ូឆេង

To Top