បរទេស៖ សារព័ត៌មានរ៉យទ័រ បានផ្សាយថា វ៉ាក់សាំង ប្រឆាំងនឹងមេរោគ ដែលមានសង្ឃឹមបំផុត នឹងត្រូវធ្វើតេស្ត លើមនុស្សជាង ១០០.០០០នាក់ ដែលនឹងចាប់ផ្តើម នៅក្នុងខែកក្កដា នៅក្នុងតំបន់ ដែលរងគ្រោះខ្លាំងបំផុត នៅសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រ ដែលកំពុងដំណើរការកម្មវិធីនេះ បានប្រាប់រ៉យទ័រថា សហរដ្ឋអាមេរិក គ្រោងនឹងធ្វើការសាកល្បងដ៏ធំមួយ នៃវ៉ាក់សាំង ប្រឆាំងមេរោគ Covid-19 ដែលមានសង្ឃឹមបំផុត ទៅលើអ្នកស្ម័គ្រចិត្ត ជាង ១០០,០០០ នាក់។
បទពិសោធន៍នេះ នឹងកាត់បន្ថយពេលវេលា ដែលត្រូវការ ដើម្បីផលិត និងសាកល្បងវ៉ាក់សាំង ពីរយៈពេល ១០ឆ្នាំ មកត្រឹមពីរបីខែប៉ុណ្ណោះ។ អ្នកស្រាវជ្រាវ បាននិយាយថា អ្នកផលិតសំខាន់ បានយល់ព្រមផ្លាស់ប្តូរលទ្ធផល នៃការសាកល្បងគ្លីនិក របស់ពួកគេ ដើម្បីអនុញ្ញាតឱ្យដៃគូ ប្រកួតប្រជែងប្រើវា ប្រសិនបើម៉ូលេគុល មិនមានប្រសិទ្ធភាព។
គំរូដើមវ៉ាក់សាំង សម្រាប់ម៉ូលេគុលនីមួយៗ នឹងត្រូវធ្វើតេស្ត លើមនុស្ស ២០.០០០ នាក់ ទៅ ៣០.០០០ នាក់ ចាប់ពីខែកក្កដា។ ដំបូងអ្នកផលិត នឹងត្រូវបញ្ជាក់ ពីសុវត្ថិភាពរបស់ពួកគេ។
វេជ្ជបណ្ឌិត Larry Corey អ្នកជំនាញផ្នែកវ៉ាក់សាំង នៅមជ្ឈមណ្ឌលជំងឺមហារីក Fred Hutchinson នៃរដ្ឋ Seattle បាននិយាយថា សរុបមក មនុស្សពី ១០០.០០០ នាក់ ទៅ ១៥០,០០០ នាក់នឹងចូលរួម ក្នុងការសិក្សានេះ។
សារព័ត៌មាន រ៉យទ័រ បានផ្សាយទៀតថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបញ្ចេញថវិកា រាប់ពាន់លានដុល្លារ ដើម្បីជួយអភិវឌ្ឍវ៉ាក់សាំង៕
ប្រែសម្រួលៈ ណៃ តុលា