ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូចេញមក ធ្វើការឆ្លើយតប ទៅនឹងហេតុការណ៍ ចាប់ឃាត់នាវាដឹកប្រេងដែលមាន ទង់ជាតិរុស្សីពីសំណាក់សហរដ្ឋអាមេរិក

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសនៃប្រទេសរុស្សី បានចេញមកធ្វើការព្រមានថា ការរឹបអូសកប៉ាល់ដឹកប្រេង Marinera ដែលមានទង់ជាតិរុស្ស៊ីដោយយោធាអាមេរិក គឺជាទំនួលខុសត្រូវយ៉ាងខ្លាំងចំពោះតំបន់ Euro-Atlantic ទាំងមូល និងចរាចរណ៍ផ្លូវសមុទ្រស៊ីវិលនៅទូទាំងពិភពលោក។

កាល​ពី​ថ្ងៃ​ពុធ ទីបញ្ជាការ​ប្រចាំតំបន់អឺរ៉ុបដឹកនាំដោយ​សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​ពី​ការ​ចាប់​យក​កប៉ាល់​នេះ​ក្នុង​ដែន​ទឹក​អន្តរជាតិ​ ទៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ស្កុតឡេនដោយក្នុងនោះ នាវាចម្បាំងអាមេរិកបានដេញតាម នាវាដឹកប្រេងនេះតាំងពីសមុទ្រការាបៀនមកម្ល៉េះ។

កប៉ាល់ដឹកប្រេង ដែលពីមុនមានឈ្មោះថា Bella 1 ត្រូវបានស្ទាក់ចាប់ដោយចោទប្រកាន់ថា បំពានលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ទាក់ទងនឹងការនាំចេញប្រេងរបស់វេណេស៊ុយអេឡា។ យោងតាមក្រសួងដឹកជញ្ជូនរុស្ស៊ី កាលពីនៅ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥កន្លងមក Marinera បានទទួលការអនុញ្ញាតបណ្តោះអាសន្ន ដើម្បីឲ្យប្រើប្រាស់ទង់ជាតិរបស់ប្រទេសរុស្ស៊ី ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសរុស្ស៊ីបានសម្តែង ការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ ទាក់ទងនឹងសកម្មភាពបង្ខំដោយខុសច្បាប់ ប្រឆាំងនឹងនាវាដឹកប្រេង Marinera ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធ អាមេរិកកាលពីថ្ងៃទី៧ខែមករា៕

ប្រែសម្រួល៖ស៊ុនលី

To Top