ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន បានបញ្ជាក់ ថា ដើមឆ្នាំ២០២០ មានសត្វទន្សោង ៤ក្បាល បានងាប់ដោយសារ ជាប់អន្ទាក់ និងបាញ់សម្លាប់ ខណៈក្រសួង បន្ដអំពាវនាវទៅដល់ប្រជាពលរដ្ឋ ត្រូវអភិរក្សសត្វព្រៃឲ្យគង់វង្ស។
យោងតាមរបាយការណ៍ សិក្សាបានឲ្យដឹងថា សត្វទន្សោងនៅកម្ពុជា មានចន្លោះពី២៧០០ ទៅ៥៧០០ក្បាល។ ចំនួននេះបានធ្វើឲ្យកម្ពុជា ជាកន្លែងដែលមានវត្ត មានសត្វទន្សោង ច្រើនជាង គេនៅលើពិភពលោក ខណៈចំនួនសត្វទន្សោងសរុប នៅលើពិភពលោកត្រូវ បានគេប៉ាន់ស្មានថា មានចន្លោះពី ៥៩០០ ទៅ ១១០០០ ក្បាលតែ ប៉ុណ្ណោះ។ហើយ ថៃ និង ឥណ្ឌូនេស៊ី ក៏មានចំនួនសត្វទន្សោង ប៉ុន្មានរយក្បាល ប៉ុណ្ណោះ។
លោក នេត្រ ភក្ត្រា មានប្រសាសន៍ នៅក្នុងគ្រុបតេឡេក្រាម ក្រុមអ្នកសារព័ត៌មាន នៅព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ថា «គិតពីដើមឆ្នាំ ២០២០ មកទល់នឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២០ នេះ សត្វទន្សោង ៤ ក្បាលត្រូវបានរកឃើញងាប់ ១ក្បាលនៅក្នុងខេត្តកំពង់ស្ពឺងាប់ ដោយសារជាប់អន្ទាក់ និង២ ក្បាលទៀតត្រូវបានរកឃើញថាបាញ់ងាប់ នៅក្នុងខេត្តមណ្ឌល គិរី និងចុងក្រោយនេះ សត្វទន្សោងមួយក្បាលបានងាប់ ដោយសារតែជាប់អន្ទាក់របស់ព្រាន ព្រៃ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន»។
លោកបានបង្ហាញ ការសោកស្តាយដែលបាត់បង់ ប្រភេទសត្វកម្រនេះ ដោយសារតែស្នាដៃ នៃក្រុម ព្រានព្រៃគ្មានក្តីមេត្តា។ សត្វទន្សោងជាប្រភេទសត្វកម្រ ជិតផុតពូជនៅលើពិភពលោក ហើយកម្ពុជាមានមោទនភាព ដែលប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមការពារនិងអភិរក្ស សត្វព្រៃ ឱ្យបានគង់វង្សដោយនិយាយថា ទេចំពោះការជួញដូរសត្វព្រៃ ការបរិភោគសាច់ សត្វព្រៃ និងកុំបរបាញ់ និងចាប់សត្វព្រៃ។
លោករំលឹកថា នៅឆ្នាំ ២០១៩ កន្លងទៅ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានរួម នឹងសហគមន៍ តំបន់ ការពារធម្មជាតិ និងអង្គការដៃគូ បានដោះអន្ទាក់ បានប្រមាណ ២០ ០០០ អន្ទាក់ពីតំបន់ ការ ពារធម្មជាតិទាំង ៦០ កន្លែងដែលស្ថិតក្រោមការគ្រប់គ្រង ការពារអភិរក្សរបស់ក្រសួង បរិស្ថាន។ កាលពីចុងខែមេសា ឆ្នាំ ២០២០ សត្វទន្សោងមួយហ្វូងមានចំនួន ៧ ក្បាលត្រូវបានគេប្រទះឃើញ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរី។
លោកថា ក្រសួងបរិស្ថានបានគ្រប់គ្រងការការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វ ព្រៃដែល មានវត្តមាននៅក្នុង ព្រៃសង្ឃរុក្ខវ័នដែលមានផ្ទៃដី ទំហំ ៣០២៥៤ ហិកតាស្ថិតក្នុង ភូមិសាស្ត្រស្រុកអន្លង់វែង ស្រុកចុងកាល់ និងក្រុងសំរោង ខេត្តឧត្តរមានជ័យក្នុងនោះ មានសហគមន៍ ព្រៃសង្ឃរុក្ខវ័នដឹកនាំគ្រប់គ្រងដោយព្រះអង្គ ប៊ុន សាលួត ព្រះមេគណ ខេត្តឧត្តរមានជ័យ។
ជាងនេះទៅទៀត អ្នកនាំពាក្យ ក្រសួងបរិស្ថាន បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ឧសភា សត្វទន្សោង ដែលជាប់អន្ទាក់ព្រានព្រៃត្រូវបាន ប្រទះឃើញនៅក្នុងភូមិសាស្រ្តចំណុចអូរថ្ម ក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន ស្ថិតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន បានងាប់បាត់បង់ជីវិត ត្រូវមន្ត្រីឧទ្យានុរក្សនិងសហគមន៍ព្រៃសង្ឃ រុក្ខវ័នដឹកនាំដោយព្រះអង្គ ប៊ុន សាលួត បញ្ចុះ នៅស្នាក់ការកណ្តាលរបស់ព្រះអង្គ នៅព្រឹកថ្ងៃទី២៥ ឧសភា ៕
ដោយ៖ អេង ប៊ូឆេង