ព័ត៌មានជាតិ

រកឃើញ សំបុកកន្ធាយក្បាលកង្កែប ៤៩សំបុក ស្មើនឹងជាង១ពាន់ពង

ភ្នំពេញ ៖ អង្គការ WCS បានឲ្យដឹងថា នៅក្នុងរដូវពងកូន ឆ្នាំ២០២០នេះ ក្រុមការពារសំបុក នៅសហគមន៍ បានរកឃើញសំបុកកន្ធាយ ក្បាលកង្កែប ចំនួន៤៩សំបុក ដែលមាន ១.៧៥៦ ពង ផងដែរ។

យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ WCS ចេញផ្សាយនាពេលថ្មីៗនេះបានឲ្យដឹងថា «នៅក្នុង រដូវពងកូន ឆ្នាំ២០២០នេះ ក្រុមការពារសំបុកនៅសហគមន៍ បានរកឃើញសំបុកកន្ធាយ ក្បាលកង្កែប ចំនួន៤៩សំបុក ដែលមាន ១.៧៥៦ពង។ទោះបីជាចំនួននេះកើនលើសឆ្នាំ ២០១៩ តែពីរសំបុកក្តី ប៉ុន្តែបើគិតជាចំនួនពង សរុបប្រចាំឆ្នាំ គឺមានការកើនឡើង បើធៀប នឹង៣ឆ្នាំកន្លងមក។

WCS បន្ដថា គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ មានកូនកន្ធាយក្បាលកង្កែប សរុបចំនួន ៨២៤កូន បានញាស់ចេញពីសំបុកចំនួន ៤១ សំបុក ដែលក្នុងនោះកូនកន្ធាយ ចំនួន ៦៥៧ ត្រូវបានលែង ចូលក្នុងទីជម្រកធម្មជាតិវិញ ចំណែកឯកូនកន្ធាយដែលនៅសល់ ក្រុមការងារ កំពុងមើលថែទាំ និងគ្រោងលែង ចូលក្នុងទីជម្រកធម្មជាតិវិញ ក្នុងពេលឆាប់ៗខាងមុខ។

លោក កែន សេរីរដ្ឋា នាយកអង្គការ WCS បានប្រសាសន៍ថា «ដោយមានការគាំទ្រជាបន្ដ បន្ទាប់ពីម្ចាស់ជំនួយរបស់យើង និងមានកិច្ចសហប្រតិបត្តិការល្អពីរដ្ឋបាលជលផល ព្រមទាំង មានការប្ដេជ្ញាចិត្តខ្ពស់ របស់បុគ្គលិកនៅទីវាលរបស់យើង និងក្រុមការពារសំបុក នៅសហគមន៍ អង្គការWCS សម្រេចបាននូវសមិទ្ធិផលជាច្រើន គួរឲ្យកត់សម្គាល់ ក្នុងការអនុវត្តគម្រោង របស់ខ្លួនក្នុងរយៈពេលជាច្រើន ឆ្នាំកន្លងមក»។

លោកបន្ដថា កំណើននៃសំបុក និងពងកន្ធាយបានជំរុញ និងលើកទឹកចិត្តឲ្យក្រុមការងារខិតខំ ប្រឹងប្រែងបន្ដទៀត ដើម្បីអភិរក្សកន្ធាយក្បាលកង្កែប ដែលកំពុងទទួលរងគ្រោះ ជិតផុតពូជបំផុ តនេះ៕ ដោយ ៖ អេង ប៊ូឆេង

To Top