ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ ពលករខ្មែរទៅថៃ តាមរយៈមេខ្យល់ គឺជារលកថ្មី នៃការជួញដូរមនុស្ស

ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈ កម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរ មនុស្ស (គ.ជ.ប.ជ) បានថ្លែងថា មានប្រជាពលរដ្ឋ និងពលករខ្មែរ ចូលទៅប្រទេសថៃ តាមមេខ្យល់ គឺជារលកថ្មី នៃការជួញដូរមនុស្ស ស្របពេលថៃ បានបន្ដរឹតបន្ដឹងនៅ ក្នុងប្រទេស ដើម្បីទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ ។

ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ របស់ គ.ជ.ប.ជ នា ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០ លោកស្រី ជូ ប៊ុនអេង បានឲ្យដឹងថា ក្នុងស្ថានភាពកូវីដ-១៩ មានមេខ្យល់នាំពលករខ្មែរ ត្រឡប់ចូលប្រទេសថៃវិញជាហូរហែ ហើយត្រូវបានសមត្ថកិច្ចថៃ ចាប់បញ្ជូលត្រឡប់មកកម្ពុជាវិញ ជាបន្ដបន្ទាប់។

លោកស្រីបន្ដថា បញ្ហាទាំងនេះធ្វើឲ្យពលករជាច្រើនខាត់បង់ថវិកា តាមរយៈឲ្យថវិកាទៅមេខ្យល់រាប់ពាន់បាតផងដែរ ជាពិសេស ក៏ខាត់ពេលវេលា ដែលធ្វើដំណើរគេចវេស ពីសមត្ថកិច្ចមិនបានទៅដល់គោលដៅ ព្រោះសមត្ថកិច្ចថៃ ឃាត់ខ្លួន និងចាប់បញ្ជូន ត្រឡប់មកកម្ពុជាវិញ ហើយពេលមកកម្ពុជាវិញ ត្រូវដាក់ដោយឡែក រយៈពេល១៤ថ្ងៃផងដែរ។

លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា «នេះជារលកថ្មី នៃអំពើជួញដូរមនុស្សឆ្លងដែន ដែលនាងខ្ញុំ ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស សូមអំពាវនាវទៅដល់ ក្រុមការងារទាំងអស់ ជាពិសេសថ្នាក់ក្រោមជាតិ បង្កើនការយកចិត្តទុក ដាក់និងអនុវត្តជាមួយរាជរដ្ឋាភិបាល»៕

ដោយ ៖ អេង ប៊ូឆេង

To Top