បរទេស៖ បុរសម្នាក់ ត្រូវបានចាប់ខ្លួន នៅព្រំដែនខេត្តឡុងអាន ជាមួយប្រទេសកម្ពុជា នៅថ្ងៃអង្គារ ជាមួយនឹងកាំភ្លើង ៣ ដើម និងថ្នាំញៀនប្រហែល ២១ គីឡូក្រាម។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ Tran Tuan Khanh អាយុ ៣០ ឆ្នាំ ត្រូវបានចាប់ខ្លួន នៅទីប្រជុំជន Kien Tuong របស់ខេត្ត ឡុងអាន ដែលមានព្រំប្រទល់ ជាប់ប្រទេសកម្ពុជា និងមានចម្ងាយប្រហែល ៩៣គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុង ហូជីមិញ។
ជនសង្ស័យត្រូវបានគេចាប់បាន ពេលកំពុងឆ្លងកាត់ច្រកព្រំដែន ចូលប្រទេសវៀតណាម ពីប្រទេសកម្ពុជា ជាមួយកាបូប ដែលមានផ្ទុកនូវគ្រឿងញៀនចំនួន ២០.៨ គីឡូក្រាម កាំភ្លើងខ្លីម៉ាក K៥៩ ចំនួន ២ ដើម កាំភ្លើងម៉ាក Zoraki មួយក្បាល ទស្សនាវដ្តីមួយ និងគ្រាប់កាំភ្លើងចំនួន ២៥គ្រាប់ ។
Tran Tuan Khanh បាននិយាយថា គាត់បានទិញកាំភ្លើង និងថ្នាំញៀន ពីជនមិនស្គាល់អត្តសញ្ញាណម្នាក់ នៅកម្ពុជា ហើយមានបំណង លក់វានៅក្នុងប្រទេសវៀតណាម។
សូមជម្រាបថា នៅប្រទេសវៀតណាម មានការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះការជួញដូរគ្រឿងញៀន ដោយផ្តល់ការកាត់ទោសប្រហារជីវិត ដល់អ្នកកាន់កាប់ ឬរត់ពន្ធគ្រឿងញៀន ច្រើនជាង ៦០០ ក្រាម ឬមេតំហ្វេតាមីនជាង ២,៥ គីឡូក្រាម និងផលិត ឬលក់ហេរ៉ូអ៊ីន ១០០ ក្រាម ឬ ៣០០ ក្រាមនៃគ្រឿងញៀន ខុសច្បាប់ផ្សេងទៀត។
ទោះយ៉ាងណាក៏ដោយ ការផ្តន្ទាទោសនេះ វាហាក់ដូចជាមិនមានឥទ្ធិពលរារាំងទេ ដោយគេសង្កេតឃើញ មានការកើនឡើង នូវករណីជួញដូរគ្រឿងញៀន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕
ប្រែសម្រួលៈ ណៃ តុលា